កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះតែម ឡាង អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរកឃើញវិជ្ជមានកូវិដ.១៩ ដែលបានសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត និង បានបញ្ជូនមកមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ដោយមានអាការៈហត់ដង្ហក់ ពិបាកដកដង្ហើមខ្លាំង កាលពីវេលាម៉ោង១៩ និង២០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។ ដោយសារការរលាកសួតធ្ងន់ធ្ងរខ្លាំង ដែលបណ្តាលមកពីជំងឺកូវិដ.១៩ អ្នកជំងឺ បានមរណភាពនៅវេលាម៉ោង៦ និង ៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺឈ្មោះ តែម ឡាង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕