អគារសិក្សាសាលាបឋមសិក្សាកែវវិជ័យ មួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បណ្ដាលឱ្យងាប់គោចំនួន០២ក្បាល និង រងរបួសស្រាលលោក នាយកសាលាបឋមសិក្សាកែវវិជ័យ ម្នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អគារសិក្សាដែលត្រូវអគ្គិភ័យលេបត្របាក់នោះ សង់ពីឈេីប្រក់គ្បឿង ជញ្ជាំងក្តារ ដែលមានទំហំ៦ម៉ែត្រគុណ៣២ម៉ែត្រមានចំនួន០៤បន្ទប់ ស្ថិតនៅក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពបន្តថា ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យងាប់គោចំនួន០២ក្បាល និងរងរបួសស្រាល លោក នាយកសាលាបឋមសិក្សាកែវវិជ័យ ឈ្មោះ អ៊ុយ លាងហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ ដែលកំពុងស្នាក់នៅប្រចាំការ។
ករណីនេះ ត្រូវបានគេដាក់ការសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

