ក្រុមជួញដូរគ្រឿងញៀនប្រើល្បិចថ្មី តែគេចមិនរួចពីសមត្ថកិច្ចឃាត់ខ្លួនម្នាក់ជាមួយថ្នាំញៀន១៧កញ្ចប់

កំពង់ឆ្នាំង ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាមួយនិងថ្នាំញៀនមួយចំនួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពជួយដូរគ្រឿងញៀនដោយប្រើរូបភាពថ្មីដាក់គ្រឿងញៀនក្នុងកញ្ចប់ស្កគ្រាប់។ កិច្ចប្រតិបត្តិការណ៍នេះ គឺធ្វើឡើង កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១

លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ ប៉ូមេសា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង និង ខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ ដែលជនសង្ស័យបានច្រកបន្លំដាក់ក្នុងសំបកថង់ស្កគ្រាប់

លោកស្នងការរងបានឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការនេះ គឺមានការលំបាកដោយក្រុមជនសង្ស័យ បានប្រើប្រាស់លេខទូរស័ព្ទដែលមានអត្តសញ្ញាប័ណ្ណរបស់អ្នកដទៃ យកទៅធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវរហូតដល់ខេត្តតាកែវ ហើយការជួញដូររបស់ជនសង្ស័យ បានផ្លាស់ប្តូនិង ប្រើវិធីសាស្រ្តប្លែកៗ ដើម្បីគេចពីការបង្រ្កាបរបស់មត្ថកិច្ច

លោកស្នងការរងបានស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និង អាណាព្យាបាលចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់និង បង្រ្កាបករណីគ្រឿងញៀននេះឲ្យបានទាន់ពេលវេលា

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កន្លងទៅនេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៥១ករណី ឃាត់ខ្លួនមនុស្សចំនួន២៦២នាក់។ដកហូតបានថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន៥៣៣កញ្ចប់ ទំងន់៨៤១,៦២ក្រាមថ្នាំគ្រាប់ប្រភេទWY ទំងន់៩,៣៤ក្រាម កញ្ឆាក្រៀមចំនួន២កញ្ចប់ ទំងន់២៦,៨៥ក្រាម គ្រាប់កញ្ឆា១កញ្ចប់ទំងន់៤,01ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន១២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង