ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះនរា មកកោះពេជ្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង៨យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ។ ការសម្រេចដាក់សាឡាងខ្នាតធំទាំង២គ្រឿងចម្លងយានយន្តនេះ ធ្វើឡើងបន្ទាប់មានភាពកកស្ទះចរាចរណ៍ខ្លាំងលើស្ពានព្រះមុនីវង្ស ខណៈពេលស្ពានព្រះមុនីវង្សចាស់ ត្រូវបានអាជ្ញាធរកំពង់ជួសជុល។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តចេញពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅច្បារអំពៅ ហើយការចម្លងនេះនឹងធ្វើឡើងចាប់ពីពេលនេះតទៅ ដោយមិនមែនតែ៣ថ្ងៃនោះទេ គឺនឹងធ្វើការចម្លងរាល់ថ្ងៃតែម្តង។
ដោយឡែក ចំពោះស្ថានភាពកកស្ទះខ្លាំង ដោយសារការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ លោក ម៉េត មាសភក្តី អ្នកនំាពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំការអធ្យាស្រ័យនិងយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ ខណៈដែលមានកម្លាំងសមត្ថកិច្ចក៏បានធ្វើការយ៉ាងមមាញឹកក្នុងការសំរួលចរាចរជូន រីឯក្រុមការងារជួលជុលស្ពានក៏បានពន្លឿនល្បឿនការងារជួសជុលផងដែរ។
គួររំលឹកថា ចំពោះការប្រើបា្រស់សាឡាងខ្នាតធំ២គ្រឿង សម្រាប់ឆ្លងចេញពីកោះនរា ទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា នេះ ប្រជាពលរដ្ឋចំណាយប្រាក់ ដោយរថយន្តមួយគ្រឿងតម្លៃ៦០០០រៀល និងម៉ូតូមួយគ្រឿង១០០០រៀល។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែមេសា បានជូនដំណឹងដោយអោយប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មីជាបណ្តោះអាសន្ន ដោយសារស្ពានព្រះមុនីវង្សចាស់ ត្រូវបន្តជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី។ ពេលវេលានៃបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ៕










