ក្រុម​​​គ្រូពេទ្យ​​នៃ​​មន្ទីរ​​សុខាភិបាល​​ ខេត្ត​​កំពង់​​ឆ្នាំង​ ចុះ​​បាញ់​​ថ្នាំសម្លាប់​​មេរោគ​​ នៅ​​ផ្សា​​រពង្រ​​ ស្រុករលាប្អៀរ

  • កំពង់ឆ្នាំង ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរស្រុករលាប្អៀរ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារពង្រ និង ធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ អាជីវករ ឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា នូវមេរោគដ៏កាចសាហាវមួយនេះ ។

    លោកគង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និង គ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងផ្សារពង្រនេះ គឺក្រោយពេលដែល អាជ្ញាធរ និង ក្រុមគ្រូពេទ្យរកឃើញមនុស្ស២នាក់ប្តីប្រពន្ធ មានវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ បានចូលមកក្នុងភូមិសាស្រ្តនេះ ដែលធ្វើឲ្យមានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាច្រើននាក់។ដែលបច្ចុប្បន្ន ត្រូវបានយកសំណាកទៅធ្វើតេស្ត និង ដាក់ឲ្យធ្វើចត្តាឡីស័កផងដែរ ។លោកគង់ ច័ន្ទធា បានឲ្យដឹងថា ការបា
    ញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារពង្រនេះ គឺដើម្បីធានាឲ្យបាននូវសុវត្ថិភាព សុខមាលភាពជូនដល់ប្រជាពលរដ្ឋ អាជីវករ អ្នករស់នៅតំបន់នេះ ។

    លោកគង់ច័ន្ទធា បានបញ្ជាក់ទៀតថា កិច្ចការ នៃការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែងប្រជុំជនដែលផ្តោតសំខាន់ នៅតាមផ្សារនានានិងតាមទីរសាធារណៈនានាក្នុងខេត្ត ហើយនៅចំណុចផ្សារពង្រនេះ កន្លងមកក្រុមការងារក៏បានបាញ់ថ្នាំសម្លាប់មេរោគដែរ ។

    លោកបានឲ្យដឹងទៀតថា ដើម្បីឲ្យការអនុវត្តន៍នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាល និង អាជ្ញាខេត្តមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះ គឺទាល់តែយើងទាំងអស់គ្នាចូលរួមឲ្យបានសកម្មបំផុត ដោយយកវិធានការណ៍អនាម័យអនុវត្តជាប្រចាំ ក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃនិងសាប៊ូ អាល់កុលឲ្យ បានញឹកញាប់ ពាក់ម៉ាស់ និង ត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព បើសិនជាមិនចាំបាច់ មិនត្រូវចេញទៅក្រៅនោះទេ ពិសេសគឺអនុវត្តតាមវិធានការបស់រាជរដ្ឋភិបាល ៣កុំ ៣ការពារ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង