ឧត្តម​សេនី​យ៍ឯក ហ៊ុន​ ម៉ាណែត​៖ ប្រទេស​ជាតិ​រឹងមាំ​គឺផ្អែក​លើ​វិស័យ​ការពារ​ជាតិ​ខ្លាំង​ ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង គឺ​ដោយ​សារ​ក​ងទ័ព​ខ្លាំង​

  • កំពង់ស្ពឺ៖ ឯក​ឧត្តម ឧត្តមសេនី​យ៍ឯក ហ៊ុន ​ម៉ាណែត អគ្គមេ​ប​ញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន​លើក​ឡើង​ថា ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។ នាយ​ទាហាន​ជំនាន់មុន​បានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សា​នូវកេរមរតក​នេះ​ទៅ​មុខ​ទៀត​ ដោយឈរលើមូលដ្ឋាននៃស្មារតី ឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនិងសមត្ថភាពជាក់ស្តែង។ ការលើកឡើងបែបនេះ ខណៈ​ឯកឧ​ត្តម​​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញ​ក្របខ័ណ្ឌឲ្យសាលាពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ២០២០ មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ នាព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

    ឯកឧត្តម បានបន្ថែមថា ការហ្វឹក​ហ្វឺនពល​ទាហាន​ឱ្យមានមូល​ដ្ឋានគ្រឹះ​ច្បាស់​លាស់ គឺជាកត្តា​សំខាន់​​បំផុត​ដែល​ធ្វើឱ្យកង​ទ័ព​របស់​យើង​ខ្លាំង​ហើយ​​អាច​ការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើ​កត្តាពីរ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរគឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាព​ជឿទុក​ចិត្ត​លើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង។

    ឯកឧត្តមបានបញ្ជាក់ថា យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យ មានលក្ខណៈពិសេសពីរ ទីមួយគឺយើងបានចូលរួមដោយ​ផ្ទាល់ក្នុង​ការបម្រើជាតិតាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋានក្នុងការការពារខ្លួន ក៏ដូចជាការពារអង្គភាព ធានាបាននូវ​ជោគ​ជ័យ​ក្នុងការបំពេញភារកិច្ច ដែលជាមោទភាពក្នុងការចូលរួមចំណែកការពារជាតិតាមរយៈការបណ្តុះបណ្តាលនូវវីរជនឆ្នើមៗ ទីពីរគឺ​យោ​ធា​ចារ្យ​ទទួល​បាននូវកិត្តិយសមហាសាលដែលដក់ជាប់ក្នុងក្រអៅបេះដូង​របស់សិស្សគ្រប់រូប ក្នុងនាមជា​អ្នកមានគុណ​ដែលបានផ្តល់នូ​វ​ចំណេះ​ដឹងដល់ពួកគេ។

    ឯកឧត្តម លើកបង្ហាញ ដល់សិក្ខាកាម និងយោធាចារ្យ ឱ្យយល់អំពីតម្លៃនៃអាជីពមួយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន និងចេញ​ទៅ​បំពេញភារកិច្ចបង្រៀននៅតាមបណ្តាសាលា ប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ចេញពីបេះដូង។ ឯកឧត្តម បានបន្តថាសូមយល់ផង​ដែរ​អំពី​អត្ថប្រយោជន៍នៃអាជីពមួយនេះ តាមរយៈការចោទសួរថា តើយើងបានបន្សល់ទុកអ្វីខ្លះជូនកងទ័ពយើងបន្ទាប់ពីការចូលនិវត្តន៍ទៅ គឺ​យោ​ធា​​ចារ្យម្នាក់អាចបន្សល់ទុកនូវយោធិនរាប់ពាន់នាក់ដែលយើងបានចូលរួមបណ្តុះបណ្តាល រួមទាំងការបន្សល់ទុកនូវប្រព័ន្ធហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​​អប់រំកងទ័ព បន្តទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយឱកាសជាយោធាចារ្យនេះ គឺជាឱកាសពិសេសមួយដែលសិក្ខា​កាម​​​​យើងអាចចូលរួមក្នុងការកសាងសមិទ្ធិផលសម្រាប់កងទ័ពតាមរយៈការកសាងបណ្តុះបណ្តាលធនធានមនុស្ស។

    ជាចុងក្រោយ ឯកឧត្តម បានកោតសរសើរ និងថ្លែងអរគុណថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ​ អង្គភាព-ស្ថាប័នពាក់ព័ន្ធ, គណៈគ្រប់គ្រងវគ្គ​ យោធាចារ្យ ក៏ដូចជានាយទាហាន​ នាយទាហានរង និងពលទាហានទាំងអស់​នៃកងពលតូចលេខ៧០ ដែលបាន​​ដែលបាន​សហការជួយរៀបចំ និងបង្កលក្ខណៈឱ្យការហ្វឹកហ្វឺននេះ​ដំណើរការបាន​ល្អ​ប្រសើរ និងសូមអរគុណដល់​បេក្ខជនយោធា​ចារ្យទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត និងសកម្មយកចិត្តទុកដាក់ចូលរួមនៅក្នុងការហ្វឹកហ្វឺននេះ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង