រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលក្នុងខេត្តកំពង់ឆ្នាំង បានកំពុងក្លាយជាគោលដៅដ៏ពេញនិយមថ្មីមួយ សម្រាប់ក្រុមអ្នកជិះកង់លំហែរកម្សាន្ត ក៏ដូចជាជិះកង់ដើម្បីសុខភាពជាដើម។
ជាក់ស្តែងលោក ទា ផូលីន ជាសមាជិកក្រុមជិះកង់សែនសុខ ដែលបានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រុមរបស់លោកបានធ្វើដំណើរចេញពីភ្នំពេញនៅម៉ោង៥ព្រឹកហើយបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលវេលាម៉ោង១១ថ្ងៃត្រង់ ដោយមានគ្នា១៨នាក់រួមជាមួយកង់ស្រុកសាមគ្គីមានជ័យ និងខេត្តកំពង់ឆ្នាំង១២កង់ទៀត សរុប ៣០កង់ ។ រមណីយដ្ឋានថ្មក្រាលមានទេសភាពល្អ ស្រស់ស្អាត ទាំងបរិស្ថានធម្មជាតិ និងបរិស្ថាននៃការប្រកបអាជីវកម្មនៅក្នុងតំបន់រមណីយដ្ឋានក៏ល្អ មិនមានការចោលសំរាមពាសវាលពាសកាលទេ មានការរៀបចំជាខ្ចុះអង្គុយមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់បានល្អគួរជាទីចាប់អារម្មណ៍ ។ ចំណែកឯ ផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានក៏មានលក្ខណៈធំទូលាយល្អ ងាយស្រួលក្នុងការធ្វើដំណើរ បើទោះបីជាផ្លូវនេះក្រាលគ្រួសក្រហមក៏ដោយ ។
លោក ក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាងាកមកទេសចរណ៍កម្សាន្តនៅតំបន់រមណីយដ្ឋានថ្មក្រាលឲ្យបានច្រើនកុះករ ខណៈដែលអាជ្ញាធរបានរៀបចំមានលក្ខណៈល្អប្រសើរទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងទេសចរណ៍ ។ ហើយប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់តំបន់ទេសចរណ៍នោះ ត្រូវចូលរួមជួយថែរក្សាបរិស្ថាន និងអនាម័យនៅតំបន់នោះឲ្យបានល្អ ដើម្បីជាការទាក់ទាញទេចរណ៍មកទស្សនាបន្ថែមទៀត ។ ដោយឡែក ប្រជាសហគមន៍នៅតំបន់រមណីយដ្ឋានដែលជាអ្នកលក់ដូរម្ហូបអាហារ ទំនិញ ព្រមទាំងសេវាកម្មផ្សេង ត្រូវរក្សាតម្លៃឱ្យមានភាពសមរម្យដែលភ្ញៀវទេសចរអាចមានលទ្ធផលក្នុងការជាវ ដើម្បីជាឱកាសទាក់ទាញភ្ញៀវឱ្យមកកម្សាន្តកាន់តែច្រើនជាហូរហែ និងចៀសវាងការបាត់បង់ចំណូល។
ក្រៅជាទីចាប់ចិត្តពីសំណាក់ក្រុមអ្នកជិះកង់ពីរាជធានីភ្នំពេញ ក៏មានក្រុមអ្នកជិះកង់ក្នុងខេត្តកំពង់ឆ្នាំងមិនតិចដែរបានជិះជាក្រុមទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ។ អ្នកជិះកង់វ័យក្មេងក្នុងក្រុមកង់រិទ្ធីសែន យុវជន សុផុន វិសាល ក៏បានលើកឡើងដែរថា ការជិះកង់ពីទីរួមខេត្តកំពង់ឆ្នាំងទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ពិតជាទទួលបានបទពិសោធន៍ថ្មី ជាមួយនឹងស្ថានភាពផ្លូវដែលមានដើមឈើដុះអមច្រើនធ្វើអោយមានអារម្មណ៍ស្រស់ស្រាយ ប្លែកភ្នែក កន្លែងថតរូបស្អាតៗ ជាពិសេសមានទឹកធ្លាក់ថ្លាឈ្វេងដែលអាចងូតលេងកម្សាន្ត ជាមួយមិត្តភក្តិក្នុងក្រុមផងដែរ។
វិសាល ក៏បានជំរុញដល់ជិះកង់ ដែលមិនទាន់បានជិះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលសុំអោយសាកល្បង នោះប្រាកដជាទទួលបានបទសោធន៍ថ្មីប្លែកអារម្មណ៍ជាក់ជាពុំខាន។
គួរបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានចម្ងាយ ២៨ គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុសនិងប្រមាណជា៥០គីឡូម៉ែត្រភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង និងចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕
អត្ថបទ៖ សន សីហា