ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះមកដល់ព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ កម្មករ កម្មការិនី នៅតាមរោងចក្រភាគច្រើនបំផុត នៅក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តធ្វើការរបស់ពួកគេជាធម្មតាមិនមាននរណា ត្រឡប់ទៅស្រុកកំណើតនោះឡើយ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ពោលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុននានា នៅតែធ្វើការជាធម្មតាក្នុងកំលុងពេលបុណ្យចូលឆ្នាំថ្មីនេះ។ ការសម្រេចលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំនេះ ដើម្បីទប់ស្កាត់ការជួបជុំ ដែលជាដើមចមដ៏ធំបំផុតនាំឱ្យផ្ទុះឡើងនូវជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕