កម្ពុជាត្រៀមធ្វើសមយុទ្ធសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

  • រដ្ឋ​លេ​ខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិល ​នឹង​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ ក្រោម​ប្រធាន​បទ​ «​ការ​សង្គ្រោះ​ ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ» នៅ​ថ្ងៃ​ទី​១០ ខែ​មករា ​ឆ្នាំ២០២០​ខាងមុខនេះ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​តាម​លិខិត​រ​បស់​ ឯក​ឧត្តម​ ម៉ៅ​ ហា​វណ្ណា​ល់ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិលផ្ញើ​ជូន​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន។

    សម​យុទ្ធប្រចាំ​ឆ្នាំ​ក្រោម​ប្រធាន​បទ «​ការ​សង្គ្រោះ​ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ​» ដែល​គ្រោង​ធ្វើ​នៅ​ ថ្ងៃទី​១០ ខែមករា​ ខាង​មុខ​នេះ នឹង​មាន​ការ​ចូល​រួម​ពីស្ថាប័ន កង​កម្លាំង​ប្រដាប់​អាវុធ រួម​មាន​ទាំង​ យន្តហោះ​ រថយន្ត​ពន្លត់​អគ្គីភ័យ​ រថយន្ត​ពេទ្យ និង​រថយន្ត​ដឹក​កង​កម្លាំង​ប្រដាប់​អាវុធ​ ជា​ដើម​។

    ក្នុង​លិខិត​នោះ ឯកឧត្តម ម៉ៅ​ ហាវណ្ណាល់​ ក៏បាន​ស្នើឱ្យ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន ​ជួយ​អន្តរាគមន៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពីសម​យុទ្ធប្រចាំ​ឆ្នាំ​នេះ​ តាម​រយៈ​វិ​ទ្យុ ​និងទូរទស្សន៍ទាំងអស់ ជូនសាធារណ​ជន ឱ្យបាន​ជ្រាប ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ប្រតិបត្តិ​ការ​ឱ្យ​បានរលូន និង​ទទួល​បាន​ជោគ​ជ័យ​ ក៏ដូចជា ដើម្បី​កុំឱ្យ​សាធារណជនមានការភ័ន្តច្រឡំ​ពីព្រឹត្តិការណ៍​នេះផងដែរ។

    គួរ​រំលឹកថា សម​យុទ្ធប្រចាំ​ឆ្នាំក្រោម​ប្រធានបទ ​«ការ​សង្គ្រោះ​ចំណាប់​ខ្មាំង​លើ​យន្ត​ហោះ​» ដែល​កម្ពុជា​​គ្រោង​ធ្វើ​នេះ​ គឺ​ស្រប​តាម​អនុ​សាសន៍​ណែ​នាំ​​របស់​អង្គការ​អា​កាស​ចរស៊ីវិល​អន្តរជាតិ ដែល​តម្រូវ​ឱ្យ​ រដ្ឋជា​សមាជិក​រៀបចំ​ធ្វើលំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយធំ នៅ​រៀងរាល់​ពីរ​ឆ្នាំម្ត​ង​នៅក្នុង​ និងជុំវិញបរិវេណ​អាកាស​យាន​ដ្ឋាន។

    គួរ​បញ្ជាក់​ថា ​កាលពី​ចុង​ឆ្នាំ២០១៩​ កន្លង​ទៅ ​អាកាសយាន​​ដ្ឋាន​អន្ដរជាតិ​ខេត្តសៀមរាប​ក៏បាន​សហការ ​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើ​សម​យុទ្ធ​​ស្តី​ពី​ការ​​គ្រប់​​គ្រង​​គ្រោះ​អាសន្ន​នៅក្នុងបរិវេណ​អាកាសយា​ន​ដ្ឋាន ។ ​គោលបំណង​នៃសមយុទ្ធគ្រា​នោះ គឺដើម្បីធ្វើតេស្ដទៅ​លើ​ឧបករណ៍​រុ​ករក និង​សង្គ្រោះ​ទៅ​លើការ​ទំនាក់ទំនង​រវាងអាកាសយាន​ដ្ឋានអន្ដរជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុងខេត្ត និង​សាក​ល្បង​សមត្ថភាព​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ ក៏ដូចជា​ការ​សង្គ្រោះបឋម​នៅកន្លែង​កើត​ហេតុ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង