Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្ននាងនៅទាន់ប្រឡូកសិល្បៈពេញលេញនោះទេ ទោះបីមានគេទាក់ទងការងារជាច្រើនជាហូរហែរក៏ដោយ។
ក្នុងចំណោមការងារទាំងនោះ កញ្ញាបានទទួលមួយចំនួនដែរ ដូចជា ថតស្ពត និងថតMVចម្រៀង ជាដើម។ យ៉ាងណា សម្រាប់ការថតភាពយន្តវិញនោះ កញ្ញានៅមិនទាន់ទទួលនៅឡើយទេ ទោះបីមានផលិតករជាច្រើនបានទាក់ទងមកជារឿយៗបន្ទាប់ពីជាប់ការប្រកួត ហេតុផលនោះគឺ ព្រោះថតភាពយន្តត្រូវចំណាយពេលច្រើន ហើយកញ្ញាត្រូវត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួត Miss Grand International 2020 ដែលនឹងមកដល់នាពេលខាងមុខ ហើយនេះក៏ជាហេតុផលចម្បងដែលកញ្ញាមិនទាន់អាចប្រឡូកសិល្បៈពេញលេញ។
កញ្ញា សេង រដ្ឋា ឲ្យដឹងទៀតថា កញ្ញាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការប្រកួត Miss Grand International 2020 គឺមានទាំងការដើរ និងផ្នែកសំនួរចម្លើយចំណេះដឹងទូទៅជាដើម។ សម្រាប់ការដើរ គឺធ្វើមិចយ៉ាងណាឲ្យខ្លាំង ដើម្បីឲ្យមានភាពទាក់ទាញ ចំណែកផ្នែកសំនួរចម្លើយចំណេះដឹងទូទៅវិញនោះ គឺកញ្ញា ខំប្រឹងជានិច្ច ទោះបីពេលខ្លះមិនដឹងថាអាចចូលដល់វគ្គសំនួរចម្លើយ តែក៏នៅតែខំប្រឹង ហើយត្រៀមខ្លួនជាស្រេចទោះបីជាប់ ឬមិនជាប់។
គួរបញ្ជាក់ថា កញ្ញា សេង រដ្ឋា មានកម្ពស់ ១,៧៣ ម៉ែត្រ វ័យ ២០ ឆ្នាំ ។ បេក្ខនារីរូបស្រស់នេះ តំណាងមកពីខេត្តកំពង់ធំ បានគ្រងមកុដ Miss Grand Cambodia 2020 នៃការប្រកួតផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងចំណោមបេក្ខនារីចំនួន ២៨ រូបនោះ។ កញ្ញា សេង រដ្ឋា មានរូបសម្ផស្សស្រស់ស្អាត និងមានចំណេះដឹងរូបនេះក៏ធ្លាប់ឈ្នះជយលាភីចំណាត់ថ្នាក់លេខ ១ ដែរក្នុងការប្រកួតបវរកញ្ញា Miss Yellow 2018៕
រូបភាព៖ Facebook Seng Rotha