ដំណើរ​​ការ​​សាង​សង់​​​ពហុកីឡ​ដ្ឋាន​​ជាតិ​មរត​ក​តេ​ជោ​ នឹង​សម្រេច​​បាន​​តាម​​ផែនការ​​គ្រោង​​ទុក ខណៈការបំ​ពាក់កៅអីសម្រេច​បា​ន​ជាង​​១២,០០០​កៅអី

  • ភ្នំពេញ៖ បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិ​ជំងឺ​កូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយក្តី ប៉ុន្តែដំណើរ ការសាង សង់​កីឡ​​ដ្ឋាន​ធំ​​នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅតែបន្តដំណើរការដោយរលូន ហើយនឹង​សម្រេចបាន​​តាម​ផែនការដែលបានគ្រោងទុក ខណៈការបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអីហើយ គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២​០​២១​​នេះ​​។
    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់ការសាងសង់នេះនាអំឡុងចុងខែឧសភា ឆ្នាំ២០២១។ ពេលនេះ ការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង១២,០០០កៅអីហើយ គឺនៅសល់​​តែជាង៤០,០០០កៅអីទៀតប៉ុណ្ណោះ ដោយក្នុង១ថ្ងៃៗ ការបំពាក់កៅអី សម្រេចបានប្រមាណ៨០០កៅអី ហើយនឹងអាច​រួចរាល់ជា​​ស្ថាពរ​នៅក្នុងខែមេសា ឆ្នាំ២០២១។ ចំពោះការដាំស្មៅលើទីលានបាល់ទាត់ គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់​អត្តពល​​កម្ម​​អម​​​​ជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការរៀបចំតុបតែងនានា កំពុងពន្លឿនឲ្យបានឆាប់រហ័សផងដែរ។
    ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឲ្យបានឆាប់រហ័ស ដោយទាំងវិស្វករកម្មករ​ចិន-ខ្មែរ​ទាំង​អស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡដ្ឋានធំនេះ ស្នាក់​នៅ ហូបចុក នៅទីនេះតែម្តង។នេះគឺជាដំណើរការវឌ្ឍនភាពការងារនៃការងារសាងសង់ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
    សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ​​ក៏ជាកន្លែងប្រកួតកីឡាមួយភាគធំនៅទៅនោះដែរ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអា​គ្នេយ៍​មួយ​​នេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង