ស្នាដៃរឿងខ្មោចលងរន្ឋត់ថ្មីមួយទៀតហើយ ត្រូវបានផលិតកម្មបដិហារ្យ បង្ហាញជូនអ្នកគាំទ្រ ដើម្បីបង្ហាញថាខ្លួននៅតែបន្តលើកមុខមាត់ភាពយន្ត។ រឿង«វិញ្ញាណតៃហោង» ដែលសម្រិតសម្រាំង បានលើកមកសម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី២ មីនា ឆ្នាំ២០២០មុននេះ។ ភាពយន្តមួយនេះ កំពុងទទួលបានការចាប់អារម្មណ៏ គ្រាន់តែបានអានចំណងជើង។

បើទោះខ្សែភាពយន្តខ្មែរ នៅមិនទាន់ប្រជែងភាពយន្តបរទេស ប៉ុន្តែផលិតករខ្មែរនៅមិនបាក់ទឹកចិត្តសោះឡើយ។ ម្នាក់ៗបានប្រឹងយកគោលដៅ ចំនេះជំនាញរៀងៗខ្លួនវិវត្តន៏លើផ្នែកផលិតភាពយន្តគួរអោយកត់សម្គាល់ រហូតទស្សនិកជនខ្លះបានទាំងកោតសរសើរផងដែរ។

លោក ស៊ុម ភារិន ជាអ្នកនិពន្ធ និងជាផលិតករនៅក្នុងរឿងនេះ បានមានប្រសាសន៍ថា ភាពយន្តខ្នាតធំមួយនេះ គឺត្រូវបានចំណាយពេល នៅក្នុងការថតចំនួន ៦ខែទើបបានចប់ជាស្ថាបពរ ដោយលោកសម្រេចជ្រើសយកតារាចម្រៀងសេម ឲ្យសម្ដែងតួឯកជាថ្មី បន្ទាប់ពីលោកផ្ដល់ឱកាសឲ្យសម្ដែងជាតួឯកក្នុងរឿងរបស់ខ្លួនលើកមុន ហើយទទួលជោគជ័យ។
តារាចម្រៀង លោក សេម និយាយថា រឿងនេះលោកថាចុះថតនៅតាមបណ្ដាខេត្ត ហើយអ្វីដែលជាផលវិបាកនោះ គឺមានការថតនៅក្នុងព្រៃរហូតដល់យប់ជ្រៅ ឬទល់ភ្លឺក៏មាន ចំណែកឯថវិការ ក្នុងការផលិតក៏ច្រើនគួរសម ប្រហាក់ប្រហែលទៅនឹងភាពយន្តមុនៗ ដែលលោកបានផលិត។ មិនត្រឹមតែពង្រឹងគុណភាពផ្នែកផលិត ពិសេសនោះ គឺការរៀបចំប្លង់ថត និងប្រព័ន្ធភ្លើងកាមេរ៉ា លោកក៏បានបង្ហើបថា មានការខិតខំកែឆ្នៃ និងតម្លើងបច្ចេកទេសថ្មីៗ ដើម្បីឱ្យកាន់តែមានភាពច្បាស់ត្រជាក់ភ្នែក ព្រមទាំងចម្រាញ់យកនូវតួសម្ដែងវ័យក្មេងល្បីៗ ក្នុងនោះមាន កញ្ញា ហ្វា ហ្វា និងកញ្ញា សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok កំពុងមានឈ្មោះបោះសំទ្បេងចូលរួមសម្ដែង ជាមួយលោកផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់ការថតខ្សែភាពយន្តនេះ រួចមក ខាងផលិតកម្ម ក៏នឹងត្រៀមថតខ្សែភាពយន្តចំនួនបី រឿងជាបន្តបន្ទាប់ផងដែរ។
ភាពបែបកំប្លែង និងរន្ធត់រឿង«វិញ្ញាតៃហោង» នេះ នឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី៥ មីនា ២០២០តទៅនៅគ្រប់រោងភាពយន្តទំនើប៕

















