ឧត្តម​សេនីយ៍​ឯក ហ៊ុន​ ម៉ាណែត ស្នើ​ដល់​កង​កម្លាំង​ទាំងអស់​ ឲ្យបន្តនូវ​ស្មារតី​ស្នេហា​ជាតិ​ សាសនា​ ព្រះមហា​ក្សត្រ និង​ការពារ​សុខ​សន្តិភាព​

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើដល់​កង​កម្លាំង​ទាំង​អស់ សូមបន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពដ៏ស្រស់បំព្រងដែលកំពុងគ្របដណ្តប់លើប្រទេសយើងនាពេលនេះ ហើយចូលរួមក្នុងការទប់ស្កាត់នូវរាល់ការបំផុសបំផុលអកុសលនានា ដែលនាំមកនូវអស្ថិរភាព និងអសន្តិសុខ ពីសំណាក់អ្នក​នយោបាយ​មួយ​ចំនួន​​ដែល​​បន្តមហិច្ឆិតាឥតឈប់ឈរក្នុងការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព អភិវឌ្ឍន៍ និងសុខដុមរមនីយភាពនៅក្នុងប្រទេសកម្ពុជា។
    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
    មេបញ្ជាការកងទ័ពជើងគោក បានបន្តថា សូមបន្តអនុវត្តតួនាទីចម្បងជាកងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋ ទាំងនៅក្នុងការ​ការពារ​បូរ​ណ​ភាព​ទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជានៅក្នុងការជួយសង្គ្រោះអំទ្បុងពេលមានគ្រោះមហន្តរាយនានា ជាអាទិ៍ពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បាន​​ក្លាយ​ជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះ។ ដូច្នេះហើយសូម​បន្តនូវ​ការ​ត្រៀម​ការពារ​ និងប្រុងប្រយ័ត្នខ្ពស់ថែមទៀតចាប់តាំងពីកម្រិតបុគ្គល ក្រុម រហូតដល់អង្គភាព និងសហគមន៍ទាំងមូល ដោយមិនត្រូវព្រងើយក​ន្តើយ​សូម្បី​តែជា​មួយនឹងជម្ងឺផ្តាសាយធម្មតា ដើម្បីភាពជោគជ័យក្នុងការហែលឆ្លងនូវកាលៈទេសៈនេះ។
    ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេច​ទំាងពីរតែង​យក​​ចិត្តទុកដាក់គិតគូរគ្រប់​ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំង​អស់ដែលកំពុងឈរ​ជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អា​ច​ក្លា​ហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រយោ​ធភូមិភាគទី២។

    ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងការអរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឈរជើងនៅក្នុងភូមិសា​ស្ត្រ​​យោ​​ធ​​​​ភូមិភាគទី២ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួននិងបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និង​​ការ​​សហការជាមួយភាគីមិត្ត។ ហើយលើសពីនេះទៅទៀតក៏បានបន្តចូលរួមយ៉ាង​សកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នានា រួម​ទាំង​ដំណាក់កាលនៃការការពារការរីករាលដាល​នៃជម្ងឺកូវីដ-១៩ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង