កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំធ្វើពិធី សូត្រមន្តឆ្លងបុស្បុក បូជនីយ៍ដ្ឋានយុទ្ធជន ដើម្បីសុំ សេចក្តីសុខសេចក្តីចម្រើន និង ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណខណ្ឌ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
ពិធីនេះបានប្រព្រឹតទៅធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណី នៃពុទ្ធសាសនា ដោយបាននិមន្តព្រះសិរីធម្មញាណសុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង មន្ត្រីសង្ឃខេត្តជាច្រើនអង្គ សូត្រមន្តចម្រើនព្រះបរិត្ត និង សម្តែងធម្មទេសនា ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទីតាំងបូជនីយដ្ឋាននេះ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាទីតាំងតម្កល់សពយុទ្ធជនពលី ដែលបានស្លាប់ក្នុងសមរភូមិ តាំងពីឆ្នាំ១៩៧៩មកម្លេះ ។ ដើម្បីឆ្លើយតប គុណូបការៈដ៏ធំធេង របស់យុទ្ធជនពលីនាសម័យនោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំសាងសង់ជាបុស្បុកមួយ នៅក្នុងបរិវេណបូជនីយ៍ដ្ឋាន សម្រាប់គោរពបូជា ចំពោះការលះបង់របស់យុទ្ធជន វីរជនអ្នកស្នេហាជាតិ ដែលបានខិតខំ តតាំង ចំពោះខ្មាំងសត្រូវ ដើម្បីការពារសេចក្តីសុខជូនប្រជាជន និង ប្រ ទេសជាតិ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា សុខសន្តិភាពដែលបានមកនាពេលបច្ចុប្បន្ន គឺបានមកពីការរួបរួមសាមគ្គីជាតិ ពិសេសវីរៈយុទ្ធជនគ្រប់ជំនាន់ ដែលបានចូលរួមការពារយ៉ាងមោះមុត នៅពេលដែលប្រទេសជួបអសន្តិសុខ ដូចនេះយើងត្រូវធ្វើអ្វីមួយដើម្បីតម្កល់ទុកជាស្នាដៃសម្រាប់យុវជនជំនាន់ក្រោយបានដឹងនិងស្គាល់នូវគំរូវីរៈភាព ដ៏ស្មោះស្ម័គ្រដែលយុទ្ធជនជំនាន់មុនបានកសាង រហូតធ្វើឲ្យមានសុខសន្តិភាពនាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម បានបញ្ជាក់ថា ទីតាំងនេះ នឹងក្លាយទៅជាបូជនីដ្ឋានប្រវត្តិសាស្រ្តមួយសម្រាប់ អ្នកសិក្សាស្រាវជ្រាវនឹងក្លាយជាកន្លែងគោរពបូជា និង អ្នកទេសចរណ៍មកមើលស្គាល់អំពីតម្លៃរបស់យុទ្ធជននាសម័យមុនផងដែរ ៕