រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​ទិន្នន័យ​ក្បាល​ដី​មាន​លក្ខណៈ​ជាប្រព័ន្ធជូន​ប្រជាពល​រដ្ឋ ក្នុងភូមិ​ចាស់ នៅស្រុក​ទឹក​ផុស

  • កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងប្រជុំបិទផ្សាយ​ប្រកាស​ជា​​សាធារណៈក្នុងរយៈពេល ១៥ថ្ងៃ នូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចាស់ ឃុំតាំង​ក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក​អភិបាល​​​​​ស្រុកស្ដីទី តំណាងមន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផងដែរ។
    លោក លី សុភា បានឱ្យដឹងថាៈ ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិចាស់ ដែលមានម្ចាស់ក្បាលដីចំនួន ៦៤៣គ្រួសារ ដោយប្រមូលទិន្នន័យបានចំនួន ១ ៤៤៣ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ១ ១៥៥ក្បាលដី និងដីកសិកម្មចំនួន ២៨៣ ក្បាលដី ក្រៅពីនោះ ដីវត្ត ដីទីទួលអ្នកតា ដីទួលកប់សព ដីសាលាឆទាន និងដីសាលារៀន។
    ឯកឧត្ដម សាន់ យូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនា​ធិការ​រួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាន​នូវ​​ប័ណ្ណ​កម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ និងទៅអនាគត។
    ឯកឧត្ដម បានបន្តទៀតថា ដើម្បីឱ្យការបិទផ្សាយជាសាធារណ:ក្នុងរយៈពេល ១៥ថ្ងៃប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព​ក្នុងនាម​ថ្នាក់ដឹក​នាំ មន្ទីរ​តំណាងឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីក្នុងភូមិចាស់ក្នុងឃុំតាំង​ក្រសាំងជួយ​ផ្សព្វផ្សាយ និង​ចូល​​រួមផ្ទៀងផ្ទាត់​អំពី​បញ្ជីឈ្មោះ រូបរាងដីរបស់ខ្លួននៅលើផែនទី ទាំងដីលំនៅដ្ឋាន និងដីកសិកម្មដោយភ្ជាប់មកនូវជាមួយបង្កាន់ដៃលេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតកុំបីខាន នៅចំពោះមន្រ្តីប្រចាំការនៅទីនោះស្រាប់។
    ឯកឧត្ដម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការ ការពារនៃការីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ដោយធ្វើអនាម័យជាប់ជាប្រចាំ​តាមការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕
     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង