ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសៀវភៅស្តីពី ស្រ្តីទី១នៃកម្ពុជា ពីឯកឧត្តម ឆាយ សុផល អ្នកនិពន្ធ

  • ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលសៀវភៅស្តីពី ប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាំងជា​ភាសា​អង់គ្លេស និងភាសាខ្មែរ នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

    ក្នុងពេលចូលជួបសម្ដែងការគួរសមចំពោះឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ឆាយ សុផល អ្នកនិពន្ធសៀវភៅ បានប្រគល់សៀវភៅ​ចំនួន​​១០០ច្បាប់ ទាំងភាសាអង់គ្លេស និងភាសាខ្មែរជូនឯកឧត្តមរដ្ឋមន្រ្តី ដើម្បីការប្រើប្រាស់តាមគោលបំណងរបស់ឯកឧត្តម។

    ឯកឧត្តម ឆាយ សុផល បានរៀបរាប់ថា សៀវភៅដែលមានចំណងជើងថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” បានបកប្រែពីសៀវភៅជាភាសាខ្មែរ “ប៊ុន រ៉ានី – ភរិយាបុរសខ្លាំងនៃកម្ពុជា” ហើយសៀវភៅជាភាសាខ្មែរ​នេះបានចេញផ្សាយ​តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែសៀវភៅជាភាសាអង់គ្លេសទើបចេញនៅពាក់កណ្តាល​ខែឧសភានេះទេ។

    ឯកឧត្តម ឆាយ សុផល បញ្ជាក់ថា៖ “ដោយសារខ្ញុំបានទទួលសារតាមអ៊ីមែលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមាន​សំណើ​ពីបណ្ណាគារខ្លះនៅរាជធានីភ្នំពេញថា ពួកគេចង់បានសៀវភៅពីប្រវត្តិរបស់ស្រ្តីទី១នៃកម្ពុជា ទើបខ្ញុំប្រឹងប្រែងធ្វើសៀវភៅ​នេះ​ជា​ភាសាអង់គ្លេស។ ការធ្វើសៀវភៅមួយច្បាប់ៗគឺពិតជាមិនងាយស្រួលពេកទេ តែធ្វើដូចម្តេច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះ​ទៅ​ហើយ”។

    បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះបានឱ្យដឹងថា សៀវភៅដែលចំណងជើងជាភាសាអង់គ្លេសសរសេរថា “BUN RANY – THE WIFE OF CAMBODIA’S STRONG MAN” ត្រូវបានបកប្រែដោយក្រុមជំនាញ និងមានការកែសម្រួលពីជនជាតិអាម៉េរិក។

    នៅក្នុងទំព័រថ្លែងអំណរគុណបានបង្ហាញថា ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញបានជួយបោះពុម្ភសៀវភៅនេះ​ចំនួន​មួយ​ម៉ឺនច្បាប់។ បើតាមការបញ្ជាក់ពីលោក ឆាយ សុផល សៀវភៅនេះក៏ជាការចូលរួមចំណែកអបអរចំពោះសម្តេចទាំងពីរ ដែលមានចៅទី២១ កាលពីសប្តាហ៍មុនដែរ។

    បន្ទាប់ពីសៀវភៅនេះទៅ ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា សៀវភៅ “បងប្អូនប្រុសទាំង៣” ដែលរៀបរាប់ពីសាវតារកូន​ប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិនដែរនៅខែ​ក្រោយ​នេះ ខណៈដែលសៀវភៅសម្តេចតេជោ ដែលមានចំណងជើងថា “ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរ​ជាង​៤០ឆ្នាំ” នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេសនៅក្នុងអំឡុងខែសីហាឆ្នាំនេះ៕ ប្រភព៖AKP

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង