កំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ត្រូវជាបងប្អូនជីដូនមួយ បាននាំគ្នាចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ ខណៈឪពុកម្តាយមិននៅផ្ទះយកទៅផ្ញើជាមួយជីតា ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់នេះម្នាក់ឈ្មោះ រស់ សំណាង ភេទ
ប្រុស អាយុ២ឆ្នាំ និង ម្នាក់ទៀតឈ្មោះ រស់ សុជាតិ ភេទប្រុស អាយុ២ឆ្នាំ ។ ពួកគេទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះទាំង២នាក់ មិននៅផ្ទះទេដោយបានយកកូនទៅផ្ញើនឹងជីតាឲ្យជួយមើល ។ ស្រាប់តែពួកគេនាំគ្នាចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង ៕