សួនច្បារថ្មីទើបនឹងសាងសង់ដែលទីតាំងស្ថិតនៅចំណុចកែងច្រមុះជ្រូកជាប់នឹងរបង មជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ស្ថិតនៅ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នឹងត្រូវដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ខាងមុខ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅ ហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។
គួរបញ្ជាក់ថា សួនច្បារនេះត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងបានដាក់ឈ្មោះថា “សួនច្បារសម្តេចចៅហ្វាវាំងគង់ សំអុល” ។ សួនច្បារ ដែលមានទំហំប្រមាណជិត២ហិកតានេះ មានរាងជាត្រីកោណ និងមានថ្នល់កៅស៊ូព័ទ្ធជុំវិញ ។ សួនច្បារនេះក៏ មានចាក់បេតុង ដែលជាកន្លែងសម្រាប់ចតរថយន្ត និងក្រាលថ្មក្រានីត សម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ និងដើរកម្សាន្ត ជាដើម ។
ជាមួយគ្នានោះ ផ្នែកខាងក្នុងគឺមានការដាំដើមឈើ ដាំផ្កា និងដាំស្មៅធ្វើជាសួន ចំណែកឯនៅចំណុចកណ្ដាល នៃសួនក៏បាន សាងសង់បុស្បុកយ៉ាងធំមួយផងដែរ៕ អត្ថបទ៖ សុគន្ធារី