ទន្លេស្ងួតបានរស់ឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

  • ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួចជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។

    ទន្លេស្ងួត មានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹងប្រវែង៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវស្សរ៍មកហើយនោះ ហើយដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ទើបតែបានបញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ៧៥ម៉ឺនម៉ែត្រគូប។

    ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណនានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផងសម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង៕

     ប្រភព៖ អាជ្ញាធរជាតិអប្សរា

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង