រដ្ឋបាល​រាជធានី​​ភ្នំពេញ ណែ​នាំ​​៧​ចំណុច ​ដើម្បី​រក្សា​​​​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់ ​​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​​​ចិន និង​វៀត​ណាម​

  • ដើម្បី​រក្សា​​បាន​នូវ​សន្តិសុខ ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​​សាធារណៈ ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​​ចិន និង​វៀត​ណាម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​​១១ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២១​ខាង​មុខនេះ អាជ្ញាធរ​រាជធានី​​ភ្នំពេញ បាន​ណែនាំ​​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ ​ចំនួន​៧​ចំណុច។

    សេចក្តីណែនាំទាំង៧ចំនុចនោះរួមមាន៖

    ១-​ហាម​ដាច់ខាត មិន​ឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សម្លេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​។ មិនឱ្យ​លេង​ល្បែង​គ្រប់​ប្រភេទ​ដែលមាន​​លក្ខណៈ​ស៊ីសង។ រាល់​ការហែក្បួន​ផ្សេងៗ​​ទាំង​បែប​​សាសនាឬ​ប្រពៃណី​​ដែល​គ្មាន​ការអនុញ្ញាត​​ត្រូវ​ហាម​ឃាត់​។

    ២-​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា ត្រូវ​អនុវត្ត​នូវ​វិធាន​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19 និង​ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន ក្នុង ការអុជ​ទៀនធូប ក្រដាសសែន ភ្លើង​ចង្ក្រាន​ ចរន្តអគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ជាយថាហេតុ។ ដោយឡែក​ការ​ដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត ហាម​ដាច់ខាត​មិន ឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ​ឬ​ទ្រូងផ្លូវ​សាធារណៈ​។

    ៣-​ចាប់ពីពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធាន​ការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មាន​ការ នាំចូល​ផាវ កាំជ្រួច ជាតិ​​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រា​ជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

    ៤-​គ្រប់​អង្គភាព សាលាខណ្ឌ និង​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​ណែ​នាំ​ដល់​មន្ត្រីរាជ​ការ និយោជិត កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពល​រដ្ឋ​ក្នុង​​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។

    ៥-​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។

    ៦-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន យោធភូមិភាគ​ពិ​សេ​ស​​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។

    ៧-​ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ​ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​​សាធារណៈ​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរ​មាន​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង