អគ្គី​​ភ័យ​ឆេះ​រថ​យន្ត​ក្រុង​ជាង​​​២០​គ្រឿង​ របស់​ក្រុម​ហ៊ុន​វីរៈ​ប៊ុន​ថាំ​ និង​ ស្លាប់​មនុស្ស​ម្នាក់​

  • ភ្នំពេញ ៖ មនុស្សម្នាក់បានស្លាប់ និង រថយន្តក្រុង របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចំនួន២៣គ្រឿង ត្រូវឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យមួយដែលបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅទីតាំងក្រុមហ៊ុនវីរៈប៊ុនថាំ ជ្រោយចង្វារ ក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងគេឮសម្លេងផ្ទុះពីទីតាំងកើតហេតុនិងមានផ្សែងហ៊ុយចេញតែម្ដង ។ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញ ចេញរថយន្តជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ ។ ប៉ុន្តែទោះជាយ៉ាងណា អគ្គីភ័យបានឆាបឆេះលក្ខណៈទ្រង់ទ្រាយធំ ធ្វើអោយសមត្ថកិច្ចពិបាកក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាន់ពេល ។

    យោងតាមរបាយការណ៍ មន្រ្តីការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣៥គ្រឿង ទើបបាញ់ទឹករលត់ជាស្ថាពរ ក្នុងនោះមាន រថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿង រថយន្តទីក្រុងជ្រោយចង្វាយចំនួន១០គ្រឿងរថយន្តអូឡាំព្យាចំនួន២គ្រឿង និង រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ។ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះបណ្ដាលឲ្យមានមនុស្សម្នាក់បានស្លាប់ក្នុងរថយន្តក្រុង និង បានឆេះបំផ្លាញ់រថយន្តក្រុងចំនួន២៣គ្រឿងទាំងស្រុងផងដែរ។

    មន្រ្តីជំនាញនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថាការលំបាកនៃការជួយអន្តរាគមន៍គឺ បណ្ដាលមកពីឆេះរថយន្តដោយរថយន្តមានសាំង ផងនោះមានការផ្ទុះ និង រថយន្តចតតម្រៀបគ្នាជាច្រើនគ្រឿងមិនអាចចល័តរថយន្តចេញទាន់ពេល ទើបណ្ដាលឲ្យឆេះរថយន្តខូចខាតច្រើនបែបនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង