កំពង់ឆ្នាំង ៖ អាវរងារជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាននាំយកទៅចែកជូន ដល់កម្លាំងក្នុងអង្គភាពចំណុះយោធិភូមិភាគពិសេស និង អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង ខេត្តកណ្តាល ។ ពិធីចែកអាវរងារនេះ ធ្វើឡើងព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចម្រុះនៃអគ្គបញ្ជារការដ្ឋាន កងយោធិពលខេមរភូមិន្ទ និង លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយទោ ទិត្យ រចនា មេបញ្ជាការរងយោធិភូមិភាគពិសេសបានឲ្យដឹងថា អាវរងារដែលផ្តល់ជូនដល់កងទ័ពនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ដល់កងកម្លាំងមកពី១៣អង្គភាព ចំណុះយោធិភូមិភាគពិសេស និង កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង។ ដែល អំណោយទាំងនេះតែងតែបានផ្តល់ជូនដល់កងកម្លាំងជារៀងរាល់ឆ្នាំ ដើម្បីសម្រួលដល់កងកម្លាំង ពេលចុះបំពេញភារកិច្ចនារដូវរងារនេះ ។
មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និង ដឹងគុណដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែបានគិតគូជានិច្ចចំពោះសុខទុក្ខរបស់កងកម្លាំងគ្រប់លំដាប់ថា្នក់ គ្រប់អង្គភាពទាំងអស់ ដែលបានបំពេញភារកិច្ច កាតព្វកិច្ច ពុះពារគ្រប់ឧបសគ្គក្នុងកិច្ចការបម្រើប្រជាជន ប្រជាជាតិទាំងមូល ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោហ៊ុន សែន បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និង ទំនុកបំរុងថែបំប៉នផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ព ជាពិសេសរៀងរាល់រដូវកាល ពេលរដូវភ្លៀងផ្តល់អាវភ្លៀង និង រដូវរងារផ្តល់អាវរងារ ព្រមទាំងស្បៀងគ្រប់ពេលវេលាផងដែរ។
ឯកឧត្តមបានរម្លឹកដល់កងទ័ពទាំងអស់ ឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលបំផ្លាញសុខសន្តិភាព។ ជាមួយនេះកងកម្លាំងត្រូវបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ–ឈ្នះ របស់មគ្គុទ្ទេស ដែលជាស្ថាបនិកកសាងសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវវឌ្ឍនភាពនិង វិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
លោកឧត្តម សេនីយទោរ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង តំណាងកងកម្លាំងទំាអស់ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចតេជោហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចបានផ្តល់អាវរងារដល់កងកម្លាំងនាពេលនេះ ជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុត ដែលជម្រុញនិងលើកទឹកចិត្តដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់កាន់តែមានកម្លាំង ទឹកចិត្ត និង ភក្តីភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន លើកកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ និង ការពារសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ៕