ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទៀតនោះទេ លើកលែងយានយន្តដែលបម្រើ ការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងតែប៉ុណ្ណោះ ។

ការមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿននេះត្រូវបាន ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែល វិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) បាន និងកំពុងដំណើរការសាងសង់ មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។ បច្ចុប្បន្ន ការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

ក្រសួង បានសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើ ការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងតែប៉ុណ្ណោះ៕











