ករណី​អគ្គិ​ភ័យ​ឆេះ​ភូមិ​គ្រឹះ​មួយ​កន្លែង​ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយ​សារ​ជាង​ផ្សា​ដែក​ធ្លាក់​កម្ទេច​ធូប​

ភ្នំពេញ ៖ ភូមិគ្រឹះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ នៅបន្ទប់ជាន់ទី៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចេញអន្ដរា​គមន៍ជួយសង្គ្រោះ។

ហេតុការណ៍ឆេះភូមិគ្រឹះនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិកាកាប សង្កាត់កាកាប​ទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញភ្លាមៗនោះ លោកបានបញ្ជាឲ្យចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ មិនឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ។ ប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់២០ឡាន ដោយក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់១៤ឡាន និងរថយន្តកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី៣ អស់ចំនួន២បន្ទប់ និងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ២៥ម៉ែត្រ គុណ៣០ម៉ែត្រ។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ ខណៈមូលហេតុ ដោយសារជាងផ្សាដែកធ្លាក់កម្ទេចធូប ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង