ក្រសួង​​​សុខា​ភិ​បាល​ ចាប់​ផ្តើម​ផ្ទេរ​​អ្នកជំងឺ​កូវី​ដ-១៩ ចេញ​ពីមណ្ឌល​ចត្តា​​ឡីស័ក​នៅព្រែកព្នៅ មកទីតាំងសណ្ឋា​​​គារ THE GREAT DUKE ក្រោយ​រៀប​ចំ​ទៅជា​មន្ទីរ​ពេទ្យព្យាបា​លអ្នកជំងឺកូវីដ-១៩ កម្រិត​​​ស្រាល​

  • នៅព្រឹកថ្ងៃទី០៨ មីនានេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានដំណើរការផ្ទេអ្នកជំងឺកូវីដ-១៩ ចេញពីមណ្ឌលចត្តាឡីស័ករាជ ធានីភ្នំពេញនៅព្រែកព្នៅ មកទីតាំងសណ្ឋាគារ THE GREAT DUKE ដែលជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ បន្ទាប់ពី​ប្រែ​ក្លាយ​​ទៅជា​​មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុ​​ប្រធាន​គណៈ​កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារ THE GREAT DUKE ដែលជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាព​ដល់​ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស ស​ម្ភារ បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការ ជួយសង្គ្រោះដល់​អាយុ​ជីវិត​​មនុស្សឱ្យបានទាន់ពេលវេលា និងធានាទ​ប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺ​នេះនៅក្នុងសហគមន៍។

    គួរបញ្ជាក់ថា បន្ទាប់ពីទទួលបទបញ្ជាបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីល្ងាចថ្ងៃសៅរ៍ ទី៦ រហូតដល់ ម៉ោង ០២:៣០ រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រុមការងារគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ  កូវីដ-១៩ បានរៀបចំទីតាំងសណ្ឋាគារ THE GREAT DUK​ សណ្ឋាគា​រអាំងទែកុង​ទីណង់តាល់ អោយក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលផ្ទេរចេញពីមណ្ឌលចត្តា​ឡីស័ករាជធានីភ្នំពេញ នៅព្រែកព្នៅ។

    ទីតាំងអគារសណ្ឋាគារ THE GREAT DUKE ដែលប្រែក្លាយទៅជាមន្ទីរពេទ្យកម្រិតស្រាលព្យាបាលអ្នកជំងឺកូវីដ-១៩ អាចទទួលព្យាបាល​អ្នកជម្ងឺបានប្រមាណ ៥០០នាក់៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង