ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​បាន

  • ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការ​រង​ និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ​ សមត្ថកិច្ច​ជំនាញបានស្រាវជ្រាវ​ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ​ បានហើយ​នៅព្រឹក​ថ្ងៃទី០៦​​ ខែមេសា​ ឆ្នាំ២០២១​នេះ​ ។
    សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
    សមត្ថកិច្ច បានអោយដឹងទៀតថា ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី​ កុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។
    សមត្ថកិច្ច បានអោយដឹងបន្តថា មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជន​សង្ស័យ​លេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យ​ជន​សង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះ​ចូល​ក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមាន​ទឹក​តិច​ៗ​បណ្តាលឲ្យ​ស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។
    រហូតដល់ថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណា​​រ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាម​រហែក​សន្ទះ​​អញ្ចាញ ធ្មេញ​ខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសារប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។
    លុះ​ដល់​ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង