ក្រុមហ៊ុន ស៊ីណូហាយដ្រូ គ្រោងនឹងបើកទ្វារទំនប់ទឹកវារីអគ្គិសនីកំចាយ ដើម្បីធ្វើការរំដោះទឹកចេញ ដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យកម្ពស់ទឹក្នុងអាងស្តុកបានកើនឡើងយ៉ាងឆាប់រហ័ស។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នឹងអាចមានភ្លៀងរយៈពេលមួយសប្តាហ៍បន្តទៀត។

យោងតាមការជូនដំណឹងរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ទៅកាន់រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងតំបន់អាងទំនប់កំចាយ កម្រិតទឹកនៃអាងស្តុកបានកើនឡើងយ៉ាងឆាប់រហ័ស លំហូរចូលមានបរិមាណចំនួន ១.៥៣៤ម៉ែត្រគូប/វិនាទី នៅវេលាម៉ោង ១៤រសៀល ហើយកម្រិតទឹកទំនប់មានកម្ពស់ ១៤៤,៧ម៉ែត្រ។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ជំនន់ទឹកភ្លៀងនឹងបន្តធ្លាក់រយៈពេលមួយសប្តាហ៍។

យោងតាមស្ថានភាពកម្ពស់ទឹកក្នុងពេលបច្ចុប្បន្ន តាមការព្យាករណ៍របស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ការបើកទ្វាររំដោះទឹក អាចនឹងចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ ក៏បានស្នើដល់រដ្ឋបាលខេត្តកំពត ដើម្បីធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅជិតទំនប់វារីអគ្គិសនីកំចាយ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕