ក្រសួង​ផែន​ការ​និង​អាជ្ញា​ធរ​ចុះ​ពិនិត្យ​ការ​អនុវត្ត​នីតិ​វិធី​កំណត់​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រី​ក្រ​ នៅតាម​មូល​ដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ក្រសួងផែនការ សហការជាមួយអជ្ញាធរខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ ១៩ និង ការឧបត្ថម្ហសាច់ប្រាក់ នៅតាមមូលដ្ឋានមួយចំនួនក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តមប៉ាន់ ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងផែនការ  ឯកឧត្តម អម សុភាអភិបាលរងខេត្ត កំពង់ឆ្នាំង

    លោកឌឹម ឌន ប្រធានមន្ទីរផែនការ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តាមការវាយតម្លៃចំពោះការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំងកន្លងមកជាលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្របង្ហាញថា នៅខេត្តកំពង់ឆ្នាំងមានគ្រួសារក្រីក្រ២៧ ០៥៦ គ្រួសារ ស្មើនឹង ២០,៣៧ ភាគរយ  ដែលក្នុងនោះមានគ្រួសារក្រីក្រកម្រិតមួយ ១១ ៥៩៥ គ្រួសារ និង គ្រួសារក្រីក្រកំរិតពីរចំនួន ១៥ ៤៦១ គ្រួសារ

    ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដើម្បីធានានូវទិន្ន័យមួយពិតប្រាកដ អំពីអត្តសញ្ញាកម្មគ្រួសារក្រីក្រ អាជ្ញាធរខេត្តនិងមន្រ្តីជំនាញ បានធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រឲ្យមានភាពច្បាស់លាស់ តម្លាភាព ប្រកបដោយគុណធម៌ ធ្វើយ៉ាងណាអោយគ្រួសារក្រីក្រពិតប្រាកដទទួលបានបណ្ណគ្រួសារក្រីក្រនិងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលផ្តល់ជូនគ្រួសារក្រីក្រ

    មានប្រសាសន៍នៅក្នុងឯកឧត្តម ប៉ាន់ ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងផែនការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងារដែល អាជ្ញាធរមូលដ្ឋាន និង ក្រុមការងារបានអនុវត្ត នាពេលកន្លងមកក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទទួល បានការគាំទ្រពីប្រជាពលរដ្ឋ 

    ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កន្លងមកនេះប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះ ទទួលរងនូវផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយអន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់នេះ ដោយប្រើទិន្ន័យគ្រួសារក្រីក្រ តាមរយៈឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌

    ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ តាមរយៈនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ និង ការឧត្ថម្ភសាច់ប្រាក់ ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និង រងផលប៉ះពាល់ធ្លាក់ខ្លួនក្រដោយសារកូវីដ១៩ ឱ្យមានបណ្ណសមធម៌ ហើយក៏ជាកម្មវិធីលើកដំបូងរបស់រាជរដ្ឋាភិបាលកម្ពុជា។

    ឯកឧត្តម បានផ្តាំផ្ញើដល់មន្រ្តីអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ គឺធ្វើឡើងដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយត្រូវធានាថា នៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ គ្មានគ្រួសារក្រីក្រណាមួយ គ្មានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រដែលទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំឡើយ។ ដូចនេះមេឃុំចៅសង្កាត់ត្រូវតែច្បាស់លាស់ ហ្មត់ចត់ ក្នុងការសម្រេចផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រពិតប្រាកដ

    ក្នុងដំណើរចុះត្រួតពិនិត្យនេះ ប្រតិភូក្រសួងផែនការនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះទៅកាន់ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ឃុំចោងម៉ោង ស្រុកទឹកផុស និង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង