កំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសង្ក្រាន្តនៅទីតាំងចំនួន៤ផ្សេងគ្នា ។ ដែលពិធីបើកព្រឹត្តការណ៍សង្ក្រាន្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើង នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២ ០២៥ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ឲ្យដឹងថា នៅឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន៤ផ្សេងគ្នា ដែលទីតាំងទី១ នៅសួនវិមានឯករាជ ទីតាំងទី២ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ទីតាំងទី៣ នៅសួនទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ត្រជាក់ ក្នុងក្រុងកំពង់ឆ្នាំង ។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា សង្ក្រាន្តទាំង៤ទីតាំងនេះ មានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកំសាន្តសប្បាយជាច្រើទៀត មានដូចជា ការលេងល្បែងប្រជាប្រិយ៍ ការប្រគំតន្ត្រីរាំលេងក្រោមដំណក់ទឹក និងមានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សង្ឃឹមថាសង្ក្រាន្តកំពង់ឆ្នាំង ឆ្នាំនេះនឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការរៀបចំប្លែក និងមានកម្មវិធីកំសាន្តសប្បាយជាច្រើនផងដែរ ។

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថាការរៀបចំព្រឹត្តការណ៍សង្ក្រាន្ត ពិតជាមានសារៈសំខាន់ ក្នុងការបង្កើតឲ្យមានភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោកជំទាវ អ្នកតំណាងរាស្ត្រ បានអំពាវនាវទៅកាន់យុវជន យុវនារី ឲ្យជៀសឆ្ងាយពីការលេងល្បែង ឬសកម្មភាពណាមួយ ដែលប្រាសចាកពីសីលធម៌ និងប្រពៃណីទំនាមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ៕












