កំពង់ឆ្នាំង ៖របាំងសាច់អួន១៤កន្លែង នៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគិរី ត្រូវកម្លាំងរដ្ឋបាលជផផល ចុះបង្ក្រាបរុះរើបំផ្លាញចោល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។

ប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសនេសាទនេះ ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយមានកម្លាំងចូលរួមចំនួន៣៩នាក់ ប្រើប្រាស់មធ្យោបាយកាណូត ចំនួន៧គ្រឿង ។ នៅក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញជលផល បានសម្រេចធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង។ ក្នុងនោះមានរបាំងសាច់អួន១៤កន្លែង ប្រវែង ១ ៤០០ ម៉ែត្រ លូសាច់អួន១៤មាត់ បង្គោល
៨០០ដើម និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន៨០គីឡូក្រាម ។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពងឆ្នាំង បានបញ្ជាក់ថា បទល្មើសនេសាទ ទោះជាបង្ក្រាបយ៉ាងណាក៏មិនអស់ដែរ បើអ្នកប្រព្រឹត្តមិនបញ្ឈប់សកម្មភាព ។ ក្នុងរយះពេលកន្លងទៅនេះ មន្ត្រីជំនាញបានចុះល្បាត និងបង្ក្រាបជាប្រចាំ ព្រមទាំងបានចុះទៅផ្សព្វផ្សាយច្បាប់ ស្តីពីជលផលជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានអ្នកលួចប្រព្រឹត្ត ដែលទាមទារឲ្យមន្ត្រីជំនាញចុះបង្ក្រាបជាប្រចាំ ។

លោក លី ឡា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យនាំគ្នាចាប់យកមុខរបរចិញ្ចឹមត្រីឲ្យបានច្រើនដើម្បីបំពេញតម្រូវការទីផ្សារកាត់បន្ថយការចាប់ត្រីធម្មជាតិ ហើយបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទ ៕










