អភិបាលខេត្តកំពង់ឆ្នាំង ឲ្យកម្លាំងសមត្ថកិច្ចអាជ្ញាមូលដ្ឋានសហការគ្នាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងថ្ងៃសម្រាកនៃព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែ

  • កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកំណត់ឲ្យមន្ត្រីសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវ សហការ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរបំផុតនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ។

    ឯកឧត្តមឈួរ ច័ន្ទឌឿន បានដាក់បទបញ្ជានេះ នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។

    ឯកឧត្តម បញ្ជាក់ថា នៅក្នុងពេលខាងមុខនេះ គឺមានកម្មវិធីបុណ្យជាតិ ដែលមានថ្ងៃឈប់សម្រាកច្រើនថ្ងៃ ដូចនេះ ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្មករ កម្មការនីនឹងមកលេងស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យអកអំបុកសំពះព្រះខែ។ ដូចនេះ មន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ពង្រឹងកិច្ចការសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ ទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំឲ្យកើតមាន។ ជាមួយនេះអាជ្ញាធរក៏ត្រូវពិនិត្យតាមទីអារាមនានាដែលក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋអាចទៅលេងបុណ្យអកអំបុកសំពះព្រះខែនៅឯវត្តផងដែរ ។
    សមត្ថកិច្ចនគរបាលចរាចរាណ៍ ក៏ត្រូវដាក់កម្លាំងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់គោលដៅ ដោយបញ្ចៀសឲ្យបាននូវការកកស្ទះចរាចរណ៍តាមទីប្រជុំជននានាក្នុងខេត្តនិងតាមតំបន់រមនីយដ្ឋានទេសចរណ៍នានា ។ ត្រូវតែអនុវត្តឲ្យបានតឹងរឹងនូវវិធានការនៃការអនុវត្តច្បាប់ចរាចរណ៍ ព្រោះក្នុងរយៈពេលនេះ កំណើនៃការប្រើប្រាស់ផ្លូវមានច្រើន ដោយរួមគ្នាកាត់នូវអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាននៃខេត្តកំពង់ឆ្នាំង។

    មន្ត្រីអាជ្ញាធរត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមន្ថែមទៀត ឲ្យចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលចំពោះវិធានការ ទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺកូវិដ១៩ ឲ្យមានប្រសិទ្ធិភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង