រុស្ស៊ីត្រៀមជាស្រេចក្នុងការជួយធ្វើទំនើបកម្មអាវុធ និងគ្រឿងបច្ចេកទេសយោធាដល់កងទ័ពកម្ពុជា

  • ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាល រុស្ស៊ី នឹងនៅតែបន្តជួយធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។ ការលើកឡើងពីបំណង របស់ រដ្ឋាភិបាលរុស្ស៊ីដូចនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ​និងឯកឧត្តម Dmity Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

     

    ក្នុងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើង ពីការត្រៀមខ្លួនជានិច្ច ដើម្បីសហការ ជួសជុល និងធ្វើទំនើបកម្មអាវុធ យុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេសយោធារបស់កងយោធពល ខេមរភូមិន្ទផងដែរ។

    ជាការឆ្លើយរបស់កម្ពុជា ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបង្ហាញ ការពេញចិត្ត ទទួលយក ចំពោះការលើក ឡើងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយបញ្ជាក់ថា នេះគឺជា ចំណុចល្អ ដែលកម្ពុជាចង់បាន ហើយសំខាន់បំផុតនោះ គឺការ ជួយបណ្តុះបណ្តាលធនធាន មនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការជួសជុលគ្រឿងសម្ភារបច្ចេកទេសការផ្លាស់ប្ដូរទស្សន​កិច្ច និងការជួយដល់កម្លាំងកងទ័ពជើងគោកជាដើម។

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ក៏បានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ រីកចម្រើន​លើគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះ គឺមិនអាច កាត់ផ្តាច់ បានពីការ ជួយឧបត្ថម្ភរបស់មិត្តរុស្ស៊ី ហើយកម្ពុជា នៅតែចាត់​ទុករុស្ស៊ី ជាមិត្តដ៍សំខាន់ទាំង ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។

    គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរ តាមរយៈ ឯកអគ្គរដ្ឋទូត ដើម្បី​អញ្ជើញ ឯកឧត្ដមអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី មកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប ដើម្បីជា សក្ខីភាពនៃ ការពង្រឹង ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យកាន់ តែជិតស្និទ្ធរវាងកម្ពុជានិងរុស្ស៊ីផងដែរ៕

    អត្ថបទ៖ សីហា

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង