រថយន្តប្រភេទយក្សដឹកជ្រូកមួយគ្រឿងបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យផ្លោងធ្លាក់មកដីស្លាប់មនុស្ស១នាក់ ចំណែក៦នាក់របួសស្រាល និង៦នាក់ទៀតរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចស្ពានលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីល្ងាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ប៉ូលីសបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម3MA-8759 ដឹកសត្វជ្រូក ធ្វើដំណើរក្នុងទិសដៅពីទិសលិចទៅកើត និង មានអ្នករួមចំនួន ១៣នាក់ នៅក្នុងរថយន្ត។
ប៉ូលីសបានឲ្យដឹងទៀតថា នៅពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាក់ទៅក្រោមសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ រីឯចំនួន៦នាក់បានរងរបួសធ្ងន់ និង ៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕



