ជនដៃដល់ដែលប្រើកាំបិតផ្គាក់កាប់ក្មេងប្រុសម្នាក់ស្លាប់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាមនុស្សសតិមិនគ្រប់ ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនដៃដល់ឈ្មោះអៀង រ៉ាដូ ភេទប្រុស អាយុ៤៦ឆ្នាំ ជាមនុស្សដែលមានសតិមិនគ្រប់ មានទីលំនៅក្នុងភូមិអំពិលផ្អែមឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

គួរំលឹកថា ក្មេងប្រុសម្នាក់ឈ្មោះភួង សុខណាន់ អាយុ១ឆ្នាំកន្លះ ត្រូវជនដៃដល់ជាអ្នកភូមិជាមួយគ្នាកាប់នឹងកាំបិតផ្គាក់ត្រូវចំនួន២ កន្លែង គឺត្រូវចំក្បាល១កន្លែងនិងត្រូវចំក១កន្លែងស្ទើរដាច់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍កាប់សម្លាប់ក្មេងនេះ កើតឡើងនៅវេលាម៉ោងជាង១រសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ នៅក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងទៀតថា ក្រោយពីកាប់ក្មេងប្រុសរងគ្រោះស្លាប់ហើយ ជនដៃដល់បានដេញកាប់ស្ត្រីជាម្តាយរបស់ក្មេងប្រុសនោះទៀត តែបានអ្នកភូមិលើកគ្នាមួយជួយទាន់ពេល ។ ដោយឃើញអ្នកភូមិមានគ្នាច្រើន ជនកំណាចនោះបានរត់ចូលទៅក្នុងផ្ទះរបស់ខ្លួនហើយដាក់គ្លឹះពីខាងក្នុង ។

សមត្ថកិច្ចបានប្រើរយះពេលរាប់ម៉ោងទើបចាប់ជនដៃដល់បាន ដោយប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹកនិងបុកទំលាយទ្វារចូលទៅចាប់ខ្លូនតែម្តង ៕
