នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អង្គការហេឡែន ខេលល័រ បានរៀបចំការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ ដោយមានបេក្ខជនទាំង១២រូបនឹងត្រូវបែងចែកជាបួនក្រុមចូលរួមប្រកួត និងជម្រុះយកពីរក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការសន្ទនារបស់យុវជនពាក់ព័ន្ធនឹងរបបអាហារសុខភាព និងផ្ដល់ឱកាសឱ្យយុវជនយកទ្រឹស្ដីមកអនុវត្ត ដោយប្រមូលទិន្នន័យផ្សេងៗ។
ក្នុងការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅ នៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កម្មវីធីបានរកឃើញក្រុមជ័យលាភីចំនួន២ក្រុម នឹងឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វឡើងនៅថ្ងៃទី៧ ខែមេសាខាងមុខនេះ ។
អ្នកស្រី ឈុន បូរមី អ្នកដឹកនាំយុវជនជើងអាហារូបត្ថម្ភកម្ពុជា បានបញ្ជាក់ថា កម្មវិធីប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីរបបអាហារសុខភាព សម្រាប់ស្រ្តីនិងកុមារកម្ពុជា និងបង្កើនជំនាញតស៊ូមតិរបស់យុវជននិងអភិវឌ្ឍនូវជំនាញផ្សេងៗទៀតដូចជា ការត្រិះរិះពិចារណា ការងារជាក្រុម ការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំជាដើម។
ជាមួយគ្នានេះ អ្នកស្រី ឈុន បូរមី រំពឹងថា យុវជនដែលរួមផ្ទាល់ និងទស្សនាកម្មវិធីនេះ នឹងបានយល់ដឹងកាន់តែច្បាស់អំពីរបបអាហារសុខភាព សុវត្ថិភាពចំណីអាហារ និងចែករំលែកចំណេះដឹងទាំងនេះ ដល់មនុស្សជុំវិញខ្លួន។
យុវតី លី ស្រីលីន ដែលបានចូលរួមប្រកួតក្នុងកម្មវិធីប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ ក៏បានលើកឡើងដែរថា កម្មវិធីនេះបានផ្តល់ចំណេះយ៉ាងច្រើន ជាពិសេស របបអាហារសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភ គឺមានបេក្ខជនចំនួន១២នាក់ ត្រូវបានជ្រើសរើស ដើម្បីទទួលការបណ្តុះបណ្ដាលស្ដីពីជំនាញតស៊ូមតិ ពីអ្នកជំនាញ និងអភិវឌ្ឍនូវជំនាញផ្សេងៗរបស់ខ្លួនដូចជាការត្រិះរិះពិចារណា ការងារជាក្រុម ការស្រាវជ្រាវ និងភាពជាអ្នក ដឹកនាំជាដើម។
បន្ទាប់ពីទទួលការបណ្តុះបណ្តាល បេក្ខជនទាំង១២រូប ត្រូវបានបែងចែកជាបួនក្រុម ដើម្បីចូលរួមការ ប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជម្រុះយកពីរក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ខាងមុខ ។