កំពង់ឆ្នាំង ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទស្សនាការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» ដែលរៀបចំឡើងនៅបរិវេណសួនឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានជម្រាបជូនឯកឧត្តមថា ការរៀបចំពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

លោកបានបន្តថា ពិព័រណ៍នេះក៏មានគោលបំណងជំរុញការអភិរក្ស ការថែរក្សា ការពារ និងការអភិវឌ្ឍវប្បធម៌ជាតិ ស្របតាមទិសស្លោក «កម្ពុជា! ព្រះរាជាណាចក្រនៃវប្បធម៌»។ជាពិសេស ពិព័រណ៍នេះមានបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលធ្លាប់បានបាត់បង់ និងត្រូវបានរាជរដ្ឋាភិបាលខិតខំទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សា និងការពារសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។

ជាមួយគ្នានេះ លោក ប៊ុនថន សុខាណារិទ្ធ ក៏បានអំពាវនាវដល់ព្រះសង្ឃ សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមទស្សនាពិព័រណ៍ដោយសេរី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសួនឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកស្វែងយល់ និងថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិទាំងអស់គ្នា៕អត្ថបទ ហឹង ចូច, រូបថត សន គន្ធនិវឌ្ឍន៍











