កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងទទួលបន្ទុកការងារបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលបង្ការ ទប់ស្កាត់កុំឲ្យមានគ្រោះអគ្គីភ័យកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ការអំពាវនាវរបស់លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដូចនេះធ្វើឡើង បន្ទាប់ពីសង្កេតឃើញមានករណីភ្លើងឆេះព្រៃ បានកើតឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋានមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ។
លោក លុយ ឌីណា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារហានិភ័យដែលបានកើតឡើង ដោយអគ្គីភ័យ ក្នុងនោះមុនចាកចេញពីផ្ទះ ត្រូវពិនិត្យនិងបិទបារ៉ែតភ្លើង ភ្លើងចង្ក្រាន ទៀនធូប ត្រូវពន្លត់ឲ្យអស់។ នៅតាមខ្នងផ្ទះត្រូវមានអាងឬពាងទឹកនិងតាមស្ថានីយ៍ប្រេង ត្រូវមានបំពង់ពន្លត់អគ្គីភ័យ ការពារបញ្ហាគ្រោះអគ្គិភ័យដែលអាចនឹងកើតឡើងជាយថាហេតុ ។
លោកស្នងការរង បានបញ្ជាក់ទៀតថា ដោយសាររដូវនេះជារដូវក្តៅ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវណែនាំដល់កូនចៅតូចៗ កុំឲ្យលេងភ្លើង និង មិនត្រូវបោះកន្ទុយបារី និង កំណាត់អុសដែលមានភ្លើងចោលផ្តេសផ្តាស់នោះឡើយ។ ពីព្រោះកន្ទុយបារីឬកំណាត់អុសដែលមានភ្លើងទៅប៉ះនឹងស្លឹកឈើងាប់ វាអាចបង្កឲ្យឆេះព្រៃនិងអាចរាដាលទៅឆេះផ្ទះដែលនៅក្បែរនោះបាន បើយើងអន្តរាគមន៍មិនបានទាន់ពេល៕