សម្តេច ស ខេង ស្នើឱ្យក្រុមប្រឹក្សាឃុំ -សង្កាត់ ប្រើប្រាស់ថវិកាឆ្នាំ២០២០ ឱ្យមានប្រសិទ្ធភាពនិងតម្លាភាព

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវបន្តផ្តោត ការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិកា ឆ្នាំ២០២០ ខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លា ភាព និង គណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ដើម្បីឆ្លើយតប​ទៅ​នឹង​បញ្ហាប្រឈម និង តម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្ដេចក្រឡាហោម ស ខេង ស្នើដូចនេះនៅ ក្នុង ពិធីបិទមហាសន្និបាតសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

    សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ស្នើឱ្យសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ ការគាំទ្រ ផ្នែកបច្ចេកទេសនិងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាដល់ការ ចាត់ ចែង និងការប្រើប្រាស់ថវិកាទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

    ជាមួយគ្នានេះ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ការធានានិរន្តរភាពការងាររដ្ឋ​បាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាបន្តគ្រប់គ្រង ចាត់ចែងកិច្ចការ ឯកសារ និងទ្រព្យ សម្បត្តិប្រកបដោ​យ​និរន្តរភាពតម្លាភាព និងប្រសិទ្ធភាព ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ​នានា​ជូន ប្រជាពលរដ្ឋ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវ​សេច​ក្តី​ណែនាំស្តីពីការធានានិរន្តរភាព ការងារ រដ្ឋបាលនិងការផ្តល់សេវាសាធារណៈ។

    សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការផ្ទេរធនធាន បន្ថែមពី ថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ ចំណាយអភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកា សរុបជា មធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនប្រមាណជាង ៧០.០០០​ដុល្លារ ពោលគឺកើនឡើងទ្វេដង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង