សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចនឹងផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានអាចសាកសួរសំណួរមួយចំនួន ទៅកាន់សម្តេចលើបញ្ហាមួយចំនួន ក្នុងជំនួបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដែលត្រូវធ្វើឡើងចំខួបលើកទី៣៨ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច។
ការថ្លែងរបស់សម្តេចតេជោ ដូចនេះ បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីនឹងអ្នកសារព័ត៌មាន បានធ្វើឡើងចំនួន៤ មកហើយ ក្នុងនោះលើកទី១ នៅឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញនៅជ្រោយចង្វា លើកទី២ ឆ្នាំ២០១៨ លើកទី៣ ឆ្នាំ២០១៩ និងលើកទី៤ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ ប៉ុន្តែនៅ២ឆ្នាំចុងក្រោយ គឺឆ្នាំ២០២១ និង២០២២ ជំនួបនេះត្រូវបានអាក់ខាន ដោយសារតែការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានអោយដឹងថា អ្នកសារព័ត៌មានប្រមាណជាង ៤ពាន់នាក់ បានចុះឈ្មោះចូលរួមក្នុងពិធីជួបជុំរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ ។ ក្នុងនោះរួមមាន អង្គការ សមាគម ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង គេហទំព័រ និង TV ONLINE កាសែត ទស្សនាវដ្ដី វិទ្យុ និង ទូរទស្សន៍ ជាង៤០០អង្គភាព។ ក្រៅពីអ្នកសារព័ត៌មាន ក៏មានមន្ត្រីអ្នកនាំពាក្យ តាមក្រសួង ស្ថាប័នជាតិ ព្រមទាំងថ្នាក់ រាជធានី ខេត្ត ចូលរួមផងដែរ៕