ភ្ញៀវទេសចរប្រមាណ ១៣ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនៅក្នុងនោះមានភ្ញៀវជាតិ ១៣០ ០០២នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ២ ០១១នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ភ្ញៀវទេសចរទាំងអស់ បានផ្តោតសំខាន់ទៅលើ គ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស ជាពិសស គឺតំបន់មាត់សមុទ្រ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ កសិ-ទេសចរណ៍ រួមជាមួយនឹងរមណីយដ្ឋានកែច្នៃជាដើម។ របាយការណ៍ក៏បានបញ្ជាក់បឋមពីការរំពឹងទុកថានឹងមានការកើនឡើងនូវភ្ញៀវទេសចរដើរកម្សាន្ត នៅថ្ងៃទី២ និងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទុកផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ និងចាប់បើកទទួលភ្ញៀវទេសចរវ៉ាក់សាំង និងអ្នកដំណើរទាំងអស់ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ ដែលមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័ក ដោយត្រឹមតែការធ្វើតេស្តរហ័សពេលមកដល់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់គោលដៅទេសចរណ៍ទាំងអស់ ក៏បាននិងកំពុងពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP របស់ក្រសួងទេចរណ៍ និងវិធានការសុខាភិបាលនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។