បុរស់ម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីសម្លាប់ប្រពន្ធខ្លួនរួចយកសពទៅកប់នៅខាងក្រោយផ្ទះ ដើម្បីបំបិទភស្តុតាង ។
ប៉ូលីសបានឲ្យដឹងថា ជនសង្ស័យជាប្តី ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៉ិន ស៉ឹម អាយុ៥២ឆ្នាំ មុខរបរយោធា នៅអង្គភាពវរអន្តរាគមន៍លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប៉ូលីសបានឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យជាប្តីសម្លាប់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ ហើយបានយកសពទៅកប់ក្រោយផ្ទះនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ដើម្បីបំបិទភស្តុតាង ហើយការបែកធ្លាយរឿងបាត់ស្ត្រីជនរងគ្រោះនេះ គឺដោយសារកូនទូរស័ព្ទអត់ចូល ហើយក៏ទូរស័ព្ទសួរជនសង្ស័យជាឪពុក តែជនសង្ស័យឆ្លើយបែបអត់ដឹងរឿងថា មិនដឹងទៅណាទេបាត់ខ្លួន២-៣ថ្ងៃហើយ។ បន្ទាប់ពីព័ត៌មាននៃការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុ លោកមេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យជាប្តី និងឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែង ដែលខ្លួនយកប្រពន្ធទៅកប់នោះ។
ជនសង្ស័យជាប្តី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន គឺសម្លាប់ដោយចាប់បោកក្បាលនឹងឥដ្ឋការ៉ូ ដោយសារខឹងប្រពន្ធរកកាប់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកជំាក្សាន្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាកាត ចាត់ការបន្តតាមនីតិវិធីច្បាប់៕