ក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យករណីវាយកម្ទេចអគារធម្មសភា ដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព

  • នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ ឆឹង ស៊ីមន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យសាកសួរ និងប្រមូល ព័ត៌មាន លើករណីវាយកម្ទេចអគារធម្មសភាដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។


    លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានអមដំណើរលោកជំទាវ អនុរដ្ឋលេខាធិការ នាព្រឹកមិញនោះ បាន បញ្ជាក់ថា ការចុះពិនិត្យនិងសាកសួរនេះ ជាការប្រមូល ព័ត៌មានផ្សេងៗ និងធ្វើរបាយការណ៍ដាក់ជូនក្រសួងក៏ដូចជាក្រុមការងារថ្នាក់ជាតិ ។

    លោកប្រធានមន្ទីរ បានបន្ថែមថា ការវាយកម្ទេចអគារធម្មសភាដែលមានអាយុកាល៧០ឆ្នាំនេះ គឺព្រះចៅអធិការវត្តមិនបានសុំច្បាប់អនុញ្ញាត មកកាន់មន្ទីរធម្មការនិងសាសនាខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនោះឡើយ។ ហើយការសម្រេច ឬមានវិធានការផ្លូវច្បាប់យ៉ាងណា នោះ ចំពោះករណីនេះ ជាតួនាទីរបស់ក្រសួងនិងថ្នាក់ជាតិ។

    គួរបញ្ជាក់ថា ធម្មសភាឬធម្មមន្ទីរ នៃវត្តទេពធីតារាម (វត្តលោកយាយទេព) ក្នុងខេត្តកំពង់ឆ្នាំង បានកសាងឡើងតាំងពីអំឡុងឆ្នាំ១៩៥០។ អគារ នេះត្រូវបានព្រះចៅអធិការវត្តសម្រចវាយកម្ទេចចោល ក្រោមហេតុផល មានសភាពចាស់ទ្រុឌទ្រោម ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដោយ យថាហេតុណាមួយ៕ អត្ថបទ៖ សីហា

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង