សូមឈ្វេងយល់ពីវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ខណ:ថ្ងៃនេះជាថ្ងៃខួប២១ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

  • វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ​» ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវ សុខសន្តិភាពនោះ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ចំថ្ងៃគម្រប់ខួប២០ឆ្នាំនៃការបិទបញ្ចប់ ភ្លើង សង្គ្រាមទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។

    វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និង ទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ឯកឧត្តម អ្នកឧកញ៉ាលីយ៉ុងផាត់។

    វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបាន សាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាធនិងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

     

    វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបាន​សាងសង់ឡើង​ដោយ​បញ្ជា​ក់នូវ​អត្ថន័យ​ដ៏​មាន​សារសំខាន់​ចំនួន​បីរួមមាន៖ ​ទី​១. កំពូល​វិមាន​ដែល​មានជ្រុង​បី​តំណាង​ឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំ ឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),​ ទី​២. ​តួ​វិមាន ដែលមាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជា​យុទ្ធសាស្ដ្ររំលាយអង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម និង​សារសំខាន់​ទី​៣. តួ​វិមាន​មាន​ជ្រុង​ប្រាំពីរ តំណាង​កត្តា​នាំឲ្យ​នយោបាយ​ឈ្នះ-ឈ្នះ ទទួលបាន​ជោគជ័យ​។​

    នៅជាប់លើវិមាន មានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង។ សិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ ក្រោយ តរៀងទៅ។ សិលាចរឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជន ដែល កសាង ថែទាំការពារ រួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

     

     

    វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ មានច្រកទ្វារចូលក្នុងវិមានចំនួន៣ ដែលច្រកទ្វារទាំង៣នេះ ក៏មានអត្ថន័យ ផ្សេងៗ គ្នាផងដែរ។

    ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រូបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៉ីស្លាមសាសនា និងគ្រឹស្តសាសនា។ និមិត្តរូបព្រះពុទ្ធសាសនា ដាក់ចំកណ្តាល ត្បិតព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ហោជាងនៅច្រកទ្វារជ័យនេះកំណត់យករូបសញ្ញារាជរដ្ឋាភិបាល មានព្រះខ័នម្កុដរាជ្យ សញ្ញាឱមតម្កល់លើ ជើង ពានទ្រជាក្បាច់ភ្ញីទេស។

    ច្រកទ្វារទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា «នយោបាយឈ្នះ-ឈ្នះ»៖ រូបរចនានៅលើផ្តែរ គឺការធានាបីយ៉ាងរបស់ នយោបាយ ឈ្នះ-ឈ្នះ។ សម្រាប់ចម្លាក់លើហោជាងទាក់ទងនឹងការធានាបីយ៉ាង ត្រូវបានរចនាឡើងក្នុងន័យវប្បធម៌ ដែលមានរូប ព្រះវិស្ណុការ កណ្ឌី និងព្រះបាទកុវេរៈ។

    ច្រកទ្វារទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្ត្រខ្មែរ៖ រូបរចនានៅលើផ្តែរ ស្តីពីវប្បធម៌ និងបេតិកភណ្ឌជាតិ ដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នុងប្រទេសកម្ពុជា ពីអាយុកាលមុនអង្គររហូតដល់ចុងអង្គរ មានជាអាទិ៍៖ ប្រាសាទ សំបូរព្រៃគុក, ប្រាសាទកោះកេរ, ប្រាសាទព្រះវិហារ, ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ សម្រាប់ ចម្លាក់លើ ហោជាង គឺជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីលើព្រះកាល។

    នៅលើវិមានប្រសាទមានសាងសង់រូបដំរីក្បាលបីមានស្លាប គ្រុឌ និងហង្ស ដែលបញ្ជាក់ពីអត្ថន័យ និងខ្លឹមសារផ្សេងៗគ្នា៖

    – ហង្ស៖ ហង្សជាសត្វនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាងទ្រព្យធនជាដើម។

    – គ្រុឌ៖ គ្រុឌជាកម្លាំងនិមិត្តរូបដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ ម្លោះហើយទើបគេច្រើនធៀបអ្នកចម្បាំងទៅនឹង សត្វ​គ្រុឌ។

    – ដំរីក្បាលបីមានស្លាប៖ ដំរីក្បាលបីជាយាន្តជំនិះរបស់ព្រះឥន្ទ្រ ដែលជាស្តេចនៃស្ថានសួគ៌ និងជាទេពប្រចាំទិសខាងកើត។ ដំរីក្បាលបីមានឈ្មោះថា Airivata ដែលជាវត្ថុពិសិដ្ឋមួយ កើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្ស​និងពួកទេព។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំង របស់ព្រះឥន្ទ្រ។ ការផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងស្ថានសួគ៌ផងដែរ។

    នៅអមសងខាងផ្លូវចូលនៃវិមាន មានតម្កល់រូបយក្សទាញព្រ័ត្រ ដែលជាខ្សែទេវកថាដ៏ល្បីមួយក្នុងសង្គមខ្មែរបុរាណ ហើយ ក៏ជា​​ និមិត្តរូបនៃការកើតថ្មី ឬភាពអមតៈ ដែលគេនិយមប្រើសម្រាប់សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងជាឧទាហរណ៍ ក្រុងអង្គរធំដែលមានឈ្មោះថា «យោសោធរ»។

     

    នៅបរិវេណសំណង់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ ក្រៅពីសំណង់តួវិមាន ក៏មានរៀបចំជាឧទ្យាន ប្រវត្តិសាស្ត្រ ដែលចែកតំបន់ជាពីរសំខាន់ៗផងដែរួមមាន៖

    ១៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្ត្រខ្មែរ៖ គម្រោងនេះ រៀបជាឧទ្យានខ្មែរបុរាណ និងសំណង់ប្រាសាទខ្មែរនាសម័យកាល រុងរឿងសុខដុមមានប្រាសាទទាំង៥ គឺ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និង ប្រាសាទបាយ័ន។

    ២៖ តំបន់សមិទ្ធផល៖ ជាឧទ្យានដែលបង្កើតជាសួនកម្សាន្ត តម្រូវបានទៅតាមគ្រប់សាធារណជនគ្រប់វិស័យ  ដែលមានពិព័រណ៍សម្ភារ និងសមិទ្ធផលរបស់វិស័យយោធាកម្ពុជា។ទីនេះនឹងក្លាយជាកន្លែងសិក្សាស្រាវជ្រាវ សម្រាប់ សាធារណជនគ្រប់រូប ដែលមានបំណងចង់សិក្សាឈ្វេងយល់ អំពីវិស័យយោធា ការការពារជាតិ និងការនាំមកនូវ សន្តិភាពជូនជាតិមាតុភូមិកម្ពុជា។

     សូមបញ្ជាក់ថា ការកសាង​វិមានអនុស្សាវរីយ៍ «នយោបាយ​ឈ្នះ-​ឈ្នះ» មាន​គោលបំណងចម្បង ៣យ៉ាងរួមមាន​៖

    ទី១៖ ជាការរំឮកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ។ នៅក្នុងវិមាននេះមានរំលេចពីអត្ថន័យ នៃនយោបាយឈ្នះ-ឈ្នះ ការអនុវត្ត និងដំណើរការនយោបាយឈ្នះ-ឈ្នះ ដោយបង្ហាញការអនុវត្តនេះ ចាប់ផ្តើមនៅទីណា? អ្នកណាខ្លះ? បញ្ហាប្រឈម ពុះពារក្នុងការឆ្លងការ នៅដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តន៍នយោបាយ ឈ្នះ-ឈ្នះ តាមរបៀបណា? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​គំនិត​នយោបាយ​ឈ្នះ-ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយពុះពារ ដឹកនាំ​ក្នុងដំណាក់កាល​នីមួយៗ​បែបណា​? ពី​ព្រោះនេះ​មិនមែនជា​សុ​បិ​នស្រមៃ និង​កាន់តែ​មិនមែនជា​ការជួយជ្រោមជ្រែង ឬ​ឧបត្ថម្ភ​ណាមួយ​ពី​បរទេស ក្រៅពី​ជាតិខ្មែរ​ខ្លួនឯង គឺ​ខុស​អំពី​ក្នុងអំឡុង​កាល ដែលមាន​បេសកកម្ម​អ៊ុនតាក់​កន្លងមក នៅក្នុង​កម្ពុជា​របស់​យើង។

    ទី២៖ ក្រៅពីការសម្តែងនូវភាពកតញ្ញូ ការដឹងគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ និងអ្នកដឹកនាំដែលបានបង្កើត គឺជាការរៀប ចំ ទីតាំងដែលបង្ហាញ នូវសមិទ្ធផលទទួលបានដោយសន្តិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជាយើង ជាពិសេសបំផុតក្នុង រយៈពេលតែ២០ឆ្នាំ ក្រោយនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុង និងបានទទួលសន្តិភាព។ ន័យនេះ ចង់ បញ្ជាក់ថា សមិទ្ធផល និងការអភិវឌ្ឍទាំងអស់ បានមកពីណា? ចេញមកពីនរណាឱ្យពិតប្រាកដ? លទ្ធផលដែលកំពុងមាន​ជាក់ស្ដែង​នេះ គឺជា​តឹកតាង មិនអាច​នរណាម្នាក់​មិន​ទទួលស្គាល់ ឬ​បំភ្លៃ​ជាដាច់ខាត​នូវ​សច្ចភាព​នៃ​ការ​វិវឌ្ឍបែបនេះ ដូច្នេះ​ក៏មាន​ន័យ​អំពី​ភាព​សុខដុម​រមណីយ​កម្មរ​បស់​សង្គម​កម្ពុជា ក្នុងដំណាក់កាល​នេះ និង​ជា​ដំណាក់កាល ដែល​យើង​ឲ្យ​ឈ្មោះ ថា “​សម័យកាល​តេ​ជោ​សែន​” ក៏​ថា​បាន ហើយ​ភ័ស្ដុតាង​ទាំងអស់នេះ តើ​មាន​ពិត ឬទេ​? វិស័យ​នានា ដែល​មានតើ​ពិតប្រាកដ ឬទេ​? ទាំង​វិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា​… ន័យ​ចំណុច​ទី​២​នេះ គឺ​សំដៅ​ទៅលើ​ការបង្ហាញ​នូវ​សុខដុមភាព​នៃ​សង្គម​កម្ពុជា ដោយ​លទ្ធផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ​។

    ទី៣៖ គោលបំណងដ៏សំខាន់ គឺការចែករំលែក ការផ្តល់នូវការសិក្សាជាទីកន្លែងមួយ ដែលអាចធ្វើជាមជ្ឃមណ្ឌលស្រាវជ្រាវ ឈ្វេងយល់ និងខិតខំបង្កើតនូវចក្ខុវិស័យ ក្នុងការបន្តស្ថានភាព ដែលមានបែបនេះតទៅអនាគត ដូច្នេះ ដើម្បីចេករំលែក ធ្វើជាមូលដ្ឋានឱ្យកាន់តែងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគ និងក្នុងការចែករំលែកបន្ត គឺជាការរៀបចំ ស្ថាប នា កសាងរូបចម្លាក់ និងមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាង និងទីកន្លែងទាំងអស់នេះឱ្យមានភាពសាមញ្ញ និងមានភាព ទាក់ទាញ ឱ្យមានស្ថានភាពដែលកន្ត្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យ​ឌីជីថល ឬ​សម័យ ដែល​ត្រូវការ​ពេលវេលា​ខ្លី សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការងារ​នេះ​។ ដូចនេះ ការរៀបចំ​ភូមិសាស្ដ្រ​នៅទីនេះ ទោះបី​មាន​ទំហំ​តូច​ល្មម ប៉ុន្ដែ​មាន​ទីកន្លែង​សម្រាប់​បង្ហាញ​អំពី​សុខដុម​សង្គម ទីកន្លែង ដែលមាន​អាគារ និង​តម្កល់​នូវ​តឹកតាង​ពិតប្រាកដ ជា​សក្ខីកម្ម​នៃ​អ្វីដែល​ធ្លាប់​ប្រើប្រាស់ ធ្លាប់មាន ទាំង​រូបភាព និង​គំនូរ រូបថត សម្ភារ រហូតដល់​គ្រឿង​យោធ​បក​រណ៍​នានា និង​មាន​ទីកន្លែង​គួបផ្សំ​ទៅ ដោយ​ ធម្មជាតិ ដែលជា​អត្តសញ្ញាណ ទាំង​ដើមឈើ ដើម​ផ្កា និង​ការ​បំបែក​ឯក​ត្ដ​កម្ម​កម្ពុជា​ក្នុង​ពិភពលោក ដូចជា ក្រ​មា​វែង​ជាងគេ ទូកវែង​ជាងគេ ការ​រាំ​ម៉ា​ឌី​ស្សុន ច្រើនជាងគេ នំអន្សម ដែល​ធំជាងគេ​។​ល​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង