កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ចុះឃាត់ខ្លួនជនសង្ស័យ លក់គ្រឿងញៀនជាទ្រង់ទ្រាយធំបានម្នាក់។កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១០និង៣៥ នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិចក្រី ឃុំជប់វ៉ារី ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះគឹម ហួត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតរស់នៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់លាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងអាវុធហត្ថដកហូតសម្ភារ និង ភស្តុតាងបានមួយចំនួនមានគ្រឿងញៀនមេតំហ្វេតាមីន ទឹកកកម្សៅក្រាម ពណ៌សថ្លា ចំនួន២កញ្ចប់ធំ ទម្ងន់ស្មើនឹង ២.០៦៤ក្រាម រថយន្ត១គ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E 3600 ទូរស័ព្ទចំនួន២គ្រឿងនិងរបស់ពាក់ព័ន្ធជាច្រើនទៀត។
ប្រភពបានឲ្យដឹងថា មុននឹងបង្ក្រាបជនសង្ស័យបាននោះ កម្លាំងអាវុធហត្ថបានទទួលព័ត៌មាន ពីបណ្ដាញភ្នាក់ងារផ្ដល់ព័ត៌មានថា នៅចំណុចខាងលើមានជនសង្ស័យកំពុងរកស៊ីជួញដូរគ្រឿងញៀន។ ក្រោយពីទទួលព័ត៌មានហើយ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចកើតហេតុខាងលើ ហើយបញ្ជូនមកស្នងការដ្ឋានអាវុធហត្ថខេត្តដើម្បីសួរនាំបន្ត ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងអស់នេះរូបគេស៊ីឈ្នួលកាន់ឲ្យគេ យកទៅឲ្យអ្នកទិញបន្តចំនួន២លើកមកហើយ ហើយថ្លៃឈ្នួលយកទៅឲ្យគេ២លើកនោះ បានប្រាក់ចំនួន១.៥០០ដុល្លារ។ ផ្អែកលើចម្លើយសារភាព និង វត្ថុតាងខាងលើកម្លាំងអាវុធហត្ថ បានធ្វើការសន្និដ្ឋានថា ជនសង្ស័យខាងលើ ពិតជាបានលួចជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានចាត់វិធានការផ្លូវច្បាប់តែម្តង៕