កម្ពុជា ថៃ ផ្តោតការយកចិត្តទុកដាក់លើកិច្ចសហការទ្វេភាគី ដែលភាពសម្បូរបែប

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន  (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបពិភាក្សាគ្នានេះប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

គួរបញ្ជាក់ថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ធ្វើដំណើរដល់កម្ពុជា នាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២៨ ខែកញ្ញានេះ។ វត្តមានរបស់នាយករដ្ឋមន្ត្រីថៃ ត្រូវបានបដិសណ្ឋារកិច្ចផ្លូវការនិងទទួលស្វាគមន៍ សំ​ណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព មុននឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយគ្នា។

ស្របគ្នានេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត  និងមានពិធីជប់លៀងផ្លូវការ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីផងដែរ ៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង