កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បាននិយាយថាអនុស្សាវរីយ៍ជាង ២៣ឆ្នាំដែលលោកជ្រកក្រោមទ្រនំដ៏ធំគឺផលិតកម្ម ហង្សមាស គឺជាអ្វីដែលលោកមិនអាចបំភ្លេចបាននោះទេក្នុងអាជីពជាតារាចម្រៀងមួយនេះ។ យ៉ាងណាក៏ដោយតារាចម្រៀងល្បីឈ្មោះរូបនេះបញ្ជាក់ថា ការបោះជំហានមកកាន់ផលិតកម្ម Galaxy គឺជាជំហានថ្មីមួយនៃគោលដៅធំរបស់ខ្លួន។
អតីតតារាមច្រៀងរបស់ផលិតកម្ម ហង្សមាស ខាងលើមិនបានបញ្ជាក់ឱ្យចំពីគោលធំ និងពិតប្រាកដនៃការបោះជំហានមកកាន់ផលិតកម្ម Galaxy នោះទេ។ លោកគ្រាន់តែបញ្ជាក់ខ្លីថា ចង់ផ្លាស់ប្ដូរបទពិសោធន៍ និងជួយជំរុញលើកកម្ពស់វិស័យចម្រៀងនៅកម្ពុជាទៅថ្ងៃខាងមុខ។
ទោះជាបែបនេះក្ដីមានការលើកឡើង ក៏ដូចជាអ្នកជិតស្និទ្ធនឹងតារាចម្រៀងចាស់វស្សាតែនៅតែពោរពេញដោយសមត្ថភាពរូបនេះ ទទួលបានបានលុយ ៣០ម៉ឺនដុល្លារ ប្រាក់ខែ៨ពាន់ដុល្លារក្នុងមួយខែ បូករួមនឹងភាគរយផ្សេងទៀតដែលឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានផ្ដល់ឱ្យជាថ្នូរនឹងការផ្លាស់មកទ្រនំ Galaxy Navatra ។
ទាក់ទងការផ្ដល់ជូនដ៏សម្បើមនេះលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា នេះគ្រាន់តែជាដំណឹងលេចលឺតៗគ្នាប៉ុណ្ណោះ គឺមិនមែនជារឿងពិតនោះទេ។
លោកបានឱ្យដឹងថា៖”ខ្ញុំសូមបដិសេធន៍ថានេះមិនមែនជារឿងពិតនោះទេ។ ខ្ញុំ និងបងព្រាប សុវត្ថិ សុទ្ធសឹងតែជាអ្នកស្រលាញ់សិល្បៈដូចគ្នាទើបយើងនិយាយត្រូវគ្នាហើយគាត់ព្រមមកផលិតកម្មខ្ញុំ”។
អតីតពលករ កូរ៉េរូបនេះបន្តថាវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នឹងអាចត្រួសត្រាយផ្លូវមួយទៀតសម្រាប់ផលិតកម្ម Galaxy នាពេលដ៏ខ្លីខាងមុខ ហើយលោកជឿជាក់ថាកំពូលតារាចម្រៀងរូបនេះនឹងធ្វើឱ្យមុខមាត់ផលិតកម្មខ្លួនកាត់តែល្បីថែមមួយកម្រិតទៀត។
វត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មកកាន់ផលិតកម្ម Galaxy គឺមកតែម្នាក់ឯងប៉ុណ្ណោះទេពេលនេះ ដោយគេមិនឃើញវត្តមានកូនៗរបស់លោកនោះទេ។ យ៉ាងណាក៏ដោយប្រភពដ៏ទុកចិត្តមួយបានបញ្ជាក់ថា មិនយូរមិនឆាប់នោះទេកូនៗរបស់កំពូលតារាចម្រៀងរូបនេះនឹងមកកាន់ផលិតកម្ម Galaxy ជាមួយឪពុករបស់គេ។
សូមបញ្ជាក់ថាលោក ព្រាប សុវត្ថិ ផ្ដើមបោះជំហានទៅកាន់ផលិតកម្ម ហង្សមាសតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ រហូតមកទល់នឹងពេលនេះមានរយៈពេល ២៣ឆ្នាំហើយ មុនពេលលោកបានហក់មកកាន់ផលិតកម្ម Galaxy។ បទចម្រៀងថ្មីក្នុងផលិតកម្ម Galaxy មិនទាន់លេចជារូបរាងនៅឡើយទេសម្រាប់កំពូលតារាចម្រៀងរូបនេះ តែមិនយូរមិនឆាប់ទេគេនឹងឃើញបទចម្រៀងថ្មីៗ និងទាក់ទាញដែលច្រៀងដោយតារាល្បីឈ្មោះរូបនេះក្នុងផលិតកម្មថ្មី៕