ផ្កា​ចំហួយ​​ ​ចាប់ផ្តើម​​រី​ក​ស្រស់បំព្រង ក្នុង​ព្រៃ​នៃចម្ការពូជឈើ​គ្រញូង នៅខេត្តសៀមរាប

  • ផ្កាចំហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ​ស៊ីជម្ពូរស្រស់ស្អាត ​ដុះនៅក្នុងព្រៃ​ដែលមនុស្សភាគច្រើនបានស្គាល់។ សម្រាប់អ្នកចង់​ទស្សនាវាលផ្កាចំហួយដ៏ស្រស់ស្អាតឥឡូវនេះ អាចចាប់ផ្តើមទៅទស្សនាបានហើយ ដែលកំពុង​តែរីកស្រស់បំព្រង​យ៉ាង​ច្រើន​នៅក្នុងព្រៃ​​នៃ​ចម្ការ​ពូជ​​ឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មាន​ចម្ងាយប្រមាណ​៦០គីឡូម៉ែត្រ​ពីទីរួម​ខេត្តសៀម​រាប​។​

    ផ្កាចំហួយ ត្រូវបានគេដឹងថា បានចាប់ផ្ដើមរីកឡើងពាសពេញដី ចាប់ពីខែកក្កដានេះប្រកបដោយ​ភាពស្រស់​ស្អាតអម​ដោយ​ទេស​ភាព​ជុំវិញ​ធម្មជា​តិ​​ខៀវស្រងាត់​ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយ​ប្លែកតែម្តងនៅពេលបាន​ទស្សនា នៅក្នុងនោះផ្កា​ចំហួយ​​ក្រៅពី​ជាផ្កា​ដ៏ស្រស់​ស្អា​ត​​​ត្រូវបានគេដឹងថា អាច​បេះផ្កា​វាធ្វើជា​អន្លក់​ទៅកែច្នៃ​ធ្វើ​ម្សៅសម្រាប់​ទទួលទា​នផង​ដែរ​។

    លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឱ្យដឹងថា ជារាងរាល់ឆ្នាំឱ្យតែដល់ខែផ្កាចំហួយនេះរីកអ្នកទេសចរ​តែងតែនាំ​គ្នា​​មក​កម្សាន្តសប្បាយ ប៉ុន្តែសម្រាប់ឆ្នាំនេះ មិនទាន់មានអ្នកទេសចរមកកម្សាន្តច្រើននៅឡើយទេ ដោយសារតែបញ្ហាមេរោគឆ្លងកូវិដ១៩។លោក​ថា ចាប់ពី​ពេលនេះរហូតដល់ចុងខែ​សីហាឬដើម​ខែកញ្ញា អ្នកទេសចរ​អាចមក​ទស្សនាផ្កា​ចំហួយ​នៅក្នុ​ង​ចម្ការ​ពូជ​ឈើ​គ្រញូង​​នេះ​បាន​ហើយ​។​

    សម្រាប់អ្នកដែលច​ង់​ទៅទស្សនាកម្សាន្តវាលផ្កា​ចំហួយដ៏ស្រស់​ស្អាតនេះ លោកអ្នក​គ្រាន់​ធ្វើដំណើរទៅ​ដល់ចម្កា​រ​ពូជឈើគ្រ​ញូង ហើយ​​ទុក​រថយន្តនៅ​ទីនោះ និងបន្តដំណើរតាមកង់ឬ​គោយន្តបន្តប្រមាណ​ជា២​គីឡូ​ម៉ែត្រ​លោកអ្នក​​និងបានជួបវាល​ផ្កាចំហួយដ៏​ស្រស់ស្អាត​៕​

    ប្រភព៖ AKP

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង