ភាពយន្តរឿង”វិញ្ញាណតៃហោង” ត្រៀមនឹងចេញបញ្ចាំងតាមរោងភាពយន្តនាដើមឆ្នាំ២០២០ និង៣រឿងផ្សេងទៀតត្រៀម នឹងចេញជាបន្ត បន្ទាប់ពី ផលិតកម្មបាដិហារ្យភាពយន្ត ដែលបានសម្រិតសម្រាំង សាច់រឿង គុណភាព និងបច្ចេកទេសជាងជាងមុន។នេះបើតាមការបញ្ជាក់ របស់ លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្ម បាដិហារ្យភាពយន្ត ក្នុងកម្មវិធីភាពយន្តប្រចាំឆ្នាំ ២០១៩ របស់រោងភាពយន្ត លេចិនកាលពីពេលថ្មីៗ។
![](http://myfmnews.com/wp-content/uploads/2020/01/81523917_2474479656157105_8122911302910738432_n.jpg)
ចាងហ្វាងផលិតកម្មរូបនេះ បានបញ្ជាក់ថា៖”ឆ្លងកាត់ការផលិតកន្លងមកយើងមើលឃើញពីការចង់បានរបស់ទស្សនិកជន។ អីចឹងហើយបានជា ឆ្នាំ២០២០ទៅនេះ បាដិហារ្យភាពយន្តយើងថ្មីៗ៤រឿងដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុតលើការផលិត”។ លោកបន្តថា បច្ចុប្បន្នវិស័យ ភាព យន្ត បាននឹងកំពុងមានការរីកចម្រើននិងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។ លោកថាការចាប់អារម្មណ៍នេះ ក៏ស្របពេលដែល ផលិតករក្នុងស្រុបាននឹងកំពុងពង្រីក និងពង្រឹងសមត្ថភាពផលិត ដើម្បីបង្កើតស្នាដៃដែលមានគុណភាពប្រកួតប្រជែងឡើង។
ឆ្នាំ២០២០នេះលោកពង្រឹងទៅលើផ្នែកបច្ចេកទេសដោយបំពាក់ឧបករណ៍ផលិតថ្មីទំនើបស្របតាមស្តង់ដា បូករួមទាំងពង្រឹងសមត្ថភាព ការ ជ្រើសរើស តួសម្តែង និងសាច់រឿងដែលល្អស្របតាមទីផ្សារភាពយន្តបច្ចុប្បន្ន។
![](http://myfmnews.com/wp-content/uploads/2020/01/80871188_1138459596361879_6833829198897872896_n.jpg)
លោកថាភាពយន្តថ្មីរឿង “វិញ្ញាណតៃហោង” បានបញ្ចេញជាPoster និងប្រកាសត្រៀមចាក់បញ្ចាំងរួចហើយប៉ុន្តែមិនទាន់កំណត់បានថ្ងៃចាក់ បញ្ចាំងនៅឡើយ។ លោកថាជាភាពយន្តមានគ្រប់រសជាតិ កម្សត់ស្នេហាព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាពកំប្លុកកំប្លែង។ខណៈភាពយន្ត ថ្មីមួយ ទៀតដែលគ្រោងចំណាយការផលិតខ្ពស់គឺ រឿង”ទ្រពិឃាទ” ដែលជាប្រភេទភាពយន្តថ្មីមិនធ្លាប់មានផលិតករក្នុងស្រុកផលិតនោះទេ។
ផលិតកររូបនេះលើកឡើងដែរថា ការហូរចូលផលិតកម្មបរទេសជាច្រើនហូរហៀបានធ្វើឲ្យម៉ោងចាក់បញ្ចាំងភាពយន្តខ្មែរមានភាពចង្អៀត និងមានមិនមានម៉ោងល្អគ្រប់គ្រាន់ដើម្បីចាក់បញ្ចាំង។
ទោះជាយ៉ាងណាបញ្ហានេះទាំងភាគីផលិតករទាំងអស់ និងខាងរោងកុនបាននឹងបន្តការជជែកគ្នាបន្ថែមទៀតដើម្បធ្វើយ៉ាងណា ឲ្យភាពយន្តខ្មែរ មាន ម៉ោងចាក់បញ្ចាំងល្អប្រសើរ ឈានទៅរកការរីកចម្រើននៅថ្ងៃអនាគត៕