កីឡាករបាល់ទាត់ និង​ក្រុម​គ្រូ​​បង្វឹក ​Tyfi Army FC សម្មាធិ​រម្ងាប់​​ភាព​​ឆេវឆាវ​ ដើម្បី​បញ្ចៀស​​​​ជម្លោះ​នៅ​​ពេ​ល​​ប្រកួត​

  • កីឡាករ​បាល់ទាត់ និងក្រុម​គ្រូបង្វឹកប្រមាណ​៦០រូប បាន​ចូលរួម​ធ្វើសម្មាធិរម្ងាប់​ភាព​ឆេវឆាវ កាល​ពីព្រឹកថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០​២០ បន្ទាប់​ពី​កត់​សម្គាល់ថាកីឡាករមួយ​ចំនួន​បានបង្ក​ជា​ជម្លោះ​ដាក់គ្នា​ផង នៅ​ពេ​លមាន​ការប្រកួត​ម្ដង។ ពិធីនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​សំរោង​អណ្ដែត ក្រោមអធិបតីសម្ដេច រ័ត្ន សារឿន ជាព្រះចៅអធិការ និងថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ និងមន្ត្រីជាន់ខ្ពស់ប្រចាំប៉ុស្តិ៍លេខ៥ ដោយ​មាន​ទាំង​កម្មវិធីអាហារសាមគ្គី នៅបន្ទាប់ពីធ្វើសម្មាធិ និងស្ដាប់ឧវាទព្រះសង្ឃសម្រួលផ្លូវចិត្តនោះផង។

    ការប្រមូលផ្តុំ​កីឡាករ​​ និង​ក្រុម​​គ្រូបង្វឹក​ ធ្វើសម្មាធិ​នេះ​ គឺជាផ្ដួចផ្ដើម​របស់​លោក ស៊ុប៉ាឆៃ វិរះពូជុង (Supachai Verapuchong) អគ្គ​នាយក​ប៉ុស្តិ៍​លេខ​៥​ និង​ជា​ប្រធានគ្រប់គ្រង​ក្លឹបក្រុមបាល់ទាត់ Tyfi Army FC អតីត​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ ។ លោក ស៊ុប៉ាឆៃ វិរះពូជុង អះអាងថា ពិធីនេះ មិន​មែនគ្រាន់​តែក្រើន​រំលឹកអោយ​កីឡាករបាល់​ទាត់​ដែល​បាន​ចូលរួម​ស្ងប់ចិត្ត និង បាត់​អារម្មណ៍​តានតឹង​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​អោយ​កីឡាករ​ទាំងនោះមាន​ចិត្ត​សន្តិភាព និងគ្មាន​ភាព​ឆេវឆាវ​ដាក់គ្នា នៅក្នុងករ​ណីមានការ​ប៉ះទង្កិច​ណា​មួយ នៅ​ពេល​មាន​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង​ដែរ។​

    លោក បន្តថាពិធីនេះ ដ្បិតថាមើលទៅសាមញ្ញ ប៉ុន្តែលទ្ធផលដែល​ទទួលបានមកវិញ គឺនឹងធ្វើអោយ​កីឡាករមានចិត្តធ្ងន់​ជាងមុន មាន​ចិត្តអភ័យ និង គ្មានគំនិតប៉ះពៀរលើគ្នា ដែលមិនខុសពីជួយអោយវិស័យបាល់ទាត់មានតែការប្រកួតដោយមិត្តភាព និង ពោរពេញ​ដោយកម្លាំងសាមគ្គី។ ក្នុង​នោះ​ក៏ជាការជួបជុំរវាងកីឡាករ ជាមួយ​គ្រូបង្វឹក និង ជាមួយថ្នាក់​ដឹកនាំ ដែលកាន់​តែបង្កើន​កម្លាំង​សាមគ្គី​។

    លោក ក៏សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមបាល់ទាត់ កីឡាករ គ្រូបង្វឹក និង មន្ត្រី​បម្រើ​ការ​នៅប៉ុស្តិ៍លេខ៥​ទាំងអស់​ដែល​បាន​សហ​ការ​ចូលរួម។ លោកមានគម្រោងដឹកនាំធ្វើពិធីនៅក្នុងឱកាសក្រោយៗទៀត ប៉ុន្តែនៅមិនទាន់ច្បាស់ថានឹងរៀបចំនៅពេលណានោះទេ ដោយ​ត្រូវរង់ចាំ​អោយកីឡាករ និងគ្រូបង្វឹកទំនេរ​ជុំគ្នាដូច​ក្នុងពេល​នេះសិន​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង