តារាសម្តែង សឿន វីតា ដែលលេចមុខជាច្រើន នៅតាមខ្សែភាពយន្តភាគ និងដុំ មួយរយៈចុងក្រោយនេះ លោកបានងាកទៅពង្រឹងមុខរបរ ថ្មីមួយ រហូតលេចឭថា កំពុងជោគជ័យខ្លាំង។ តារារូបនេះ កំពុងមានប្រាក់ប្រចាំខែសមល្មម ហើយអាចប្រើប្រាស់ជីវិតដ៏ប្រសើរដើរកម្សាន្តនៅក្រៅប្រទេសបន្តបន្ទាប។ បើទោះបី រួបលោក មានឱកាស ដើរចំកន្លែងមួយប្រសើរ ក៏តារាសម្តែងរូបនេះ នៅតែប្រកាន់ជំហរមិនបោះបង់សិល្បៈ ជាទីដែលខំសាងស្នាដៃដោយសមត្ថភាព។ យ៉ាងណាមិញ លោកក៏មិនស្រវាសិល្បៈពេញដៃដូចមុននោះឡើយ ពោលពឹងអាស្រ័យលើពេលវេលាទំនេរពីការងាររកសុី។
លោក សឿន វីតា បានទទួលស្គាល់ថា ការផ្អាកទទួលការសម្តែងសិល្បៈមួយចំនួន ព្រោះត្រូវចេញចូលក្រៅប្រទេសជាញឹកញាប់ ដែលភាគច្រើនជាដំណើរកម្សាន្តដែលក្រុមហ៊ុនអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េមួយផ្តល់ឲ្យ បន្ទាប់ពីការលក់របស់លោកទទួលបានលទ្ធផលល្អប្រសើរ។ លោកមិនបញ្ជាក់លម្អិតអំពីខ្ទង់ចំណូលទេ ប៉ុន្តែលោកទទួលស្គាល់ថាពិតជាមានខ្ទប់ម៉ឺនដុល្លារក្នុងមួយខែៗ ដែលសូម្បីសាច់ញាតិ ជិតដិត របស់លោកក៏កំពុងចូលរួមដែរ។
តារាសម្តែងប្រុសសម្បូរពុកមាត់រូបនេះបង្ហើប ថានៅកម្ពុជាលោកមានតំណែងមួយធំក្នុងក្រុមហ៊ុនលក់ផលិតផល យីហោ Korea Pure ដែលជាអាហារបំប៉នវីតាមីនល្បីឈ្មោះនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ លោក បន្តទៀតថា អាហារបំប៉ននេះមានគុណប្រយោជន៍សម្រាប់អ្នកជំងឺ ក្រពះ ពោះវៀន ថ្លើម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ .ល.។
តារារូបនេះ បញ្ជាក់ថា លោកពិតជាពន្យាពេលទទួលយកការងារសិល្បៈមួយចំនួនមែន ពិសេសការសម្តែងដែលប្រើប្រាស់ពេលវេលាយូរក្នុងការថត ប៉ុន្តែមិនមែនចោលទាំងស្រុងនោះទេ។ លោកថា ស្នាដៃសម្តែងចុងក្រោយរឿង នាឡិកាដាស់វិញ្ញាណ ដែលទើបនឹងបញ្ចប់ ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថា កំពុងលៃលកពេលវេលា ទទួលថតភាពយន្តថ្មីដែលចំណាយពេលវេលាមិនច្រើនសប្តាហ៍ដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខ និងបញ្ជាក់ថាលោកមិនចោលការងារសិល្បៈដែលលោកស្រលាញ់នោះទេ។